ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានកងអង្គរក្សជួរមុខស្រុកស្រអែម ខេត្តព្រះវិហារ
AKP កំពង់ស្ពឺ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥--
គណៈប្រតិភូរដ្ឋបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្ដម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ដែលកំពុងឈរជើងការពារព្រំដែននៅទីបញ្ជាការដ្ឋានអង្គរក្ស នៅខេត្តព្រះវិហារ កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការ ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដែលបានទទួលការគាំទ្រទាំងស្រុង ពីសំណាក់រដ្ឋសភា ព្រឹទ្ធសភា ក្នុងការដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធ៏មអន្តរជាតិ "ICJ"លើបញ្ហាជំលោះព្រំដែន កម្ពុជា ថៃ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះកងទ័ព និងក្រុមគ្រួសារកងទ័ពជួរមុខឈរជើងតាមបណ្តោយព្រំដែន និងបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងដែលបានលះបង់របស់កងទ័ពនូវក្នុងកិច្ចការពារជាតិប្រកបដោយ ឆន្ទៈមោះមុតស្មារតីស្នេហាជាតិជាពិសេសតាមខ្សែរបន្ទាត់ព្រំដែន ឯកឧត្តមបណ្ឌិតបញ្ជាក់ថា យន្តការសម្ព័ន្ធមេត្រីភាព និងការចុះសួរសុខទុក្ខគឺជាការគិតគួរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងសប្បុរសជនទាំងអស់ ដែលបន្តគៀងគរថែមជានិច្ចសម្រាប់គាំទ្រទាហ៊ានជួរមុខ។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃ ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែគិតគួរសុខទុក្ខ ឧបត្ថម្ភគាំទ្រជានិច្ចជាពិសេសវត្តមានឯកឧត្តមបណ្ឌិត អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ ដែលបានចុះមកសំណេះសំណាលផ្ទាល់លើកទឹកចិត្ត និងបានប្តេជ្ញាបន្តការពារបូរណភាពទឹកដីអធិបតេយ្យភាពភាពសុខសាន្តប្រជាជនកម្ពុជា និងរក្សាសន្តិភាពជាតិ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ ព្រមទាំងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ត្រីសង្ឃ អាជីវករខេត្ត បាននាំយកនូវអំណោយស្បៀង គ្រឿងឧបភោគបរិភោគ រួមមានសាច់គោ៥០០គីឡូ សាច់ជ្រូក៥០០គីឡូ ត្រីងៀត១០០គីឡូ និងថវិការចំនួន១០០លានរៀល បន្ថែមក្នុងនោះទៀតឯកឧត្តមបណ្ឌិតជូនដល់កងទ័ពចូលរួមក្នុងកម្មវិធីម្នាក់១០មុឺនរៀលទៀតផងដែរ៕
ដោយ លឹម សាន្ត





