អភិបាលស្រុកកំពង់ស្វាយអញ្ជើញចូលរួមក្នុងទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី២៩ ក្រោមប្រធានបទ "ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក" នៅអនុវិទ្យាល័យព្រៃព្រាល
AKP កំពង់ធំ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥--
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ និង លោក អ៊ុត វណ្ណារីន មេឃុំត្រពាំងឫស្សី ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ ប្រជាការពារភូមិ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រួ និងសិស្សានុសិស្ស ប្រមាណជាង២០០នាក់ បានចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី២៩ ក្រោមប្រធានបទ "ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក" នៅអនុវិទ្យាល័យព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។

លោក អ៊ុត វណ្ណរ៉ា បានមានប្រសាសន៍លើកឡើងថា ដើម្បីញ៉ាំងឱ្យពិធីប្រព្រឹត្តទៅមានអត្ថន័យជាទិវាជាតិ ក្រសួងបរិស្ថានសូមស្នើសុំរៀបចំប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោកខួបលើកទី២៩ ក្រោមប្រធានបទ "ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្តាខេត្តសាមីតាមពេលវេលាកំណត់ និងបំផុសប្រជាពលរដ្ឋ អាជ្ញាធរដែនដី គ្រឹះស្ថាននានា សាលារៀន វត្តអារាម មន្ទីរពេទ្យ រមណីយដ្ឋាន មណ្ឌលកម្សាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន ចូលរួមយុទ្ធនាការសម្អាតបរិស្ថាន និងស្នើសុំរៀបចំការផ្សព្វផ្សាយតាមប្រព័ន្ធឃោសនាឱ្យបានទូលំទូលាយ និងធ្វើរបាយការណ៍ផ្ញើជូនមកក្រសួងបរិស្ថាន។

លោក អ៊ុត វណ្ណរ៉ា បានផ្ដាំផ្ញើដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ នៅក្នុងសាលារៀនសូមចូលរួមថែរក្សាដើមឈើដែលបានដាំហើយនេះឱ្យបានធំធាត់ និងគង់វង្ស សម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ពីប្រភេទឈើនៅក្នុងមូលដ្ឋាន។ ចូលរួមថែរក្សាបរិស្ថានដែលនៅជុំវិញខ្លួន ពិសេសគឺដាំដើមឈើឱ្យបានច្រើនដើម្បីការពារនូវខ្យល់កន្ត្រាក់ ទឹកជំនន់ ខ្យល់ព្យុះ គ្រោះរាំងស្ងួត រញ្ជួយដី បាតុភូតធម្មជាតិផ្សេងៗទៀត ក្នុងការការពារអាយុជីវិតមនុស្ស សត្វផងដែរ។ បន្ថែមទៅទៀតនោះ ត្រូវចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ព្រោះប្លាស្ទិកជាសំណល់ដែលប៉ះពាល់ដល់សុខភាពមនុស្ស សត្វ ជីវៈចម្រុះផ្សេងៗ ហើយដែលបណ្តាលឱ្យមានជំងឺជាច្រើនប្រភេទ។

សូមបញ្ជាក់ថា ទិវានេះក៏បានធ្វើពិធីដាំកូនឈើនៅសាលាបឋមសិក្សា អនុវិទ្យាល័យព្រៃព្រាល មានប្រភេទកូនឈើចំនួន៤០ដើមគឺ កូនឈើក្ងោក១០ដើម កូនឈើប្រណិត គគីរ ក្រញូង២០ដើម និងកូនរាំង១០ដើម៕
ដោយ ស៊ុម វណ្ណា





