រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជូនមន្ត្រីរាជការថ្នាក់ក្រោមជាតិ
AKP កំពង់ឆ្នាំង ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥--
លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំគណៈកម្មការការងារកំណែទម្រង់ វិមជ្ឍការ និងវិសហមជ្ឍការ ជូនដល់មន្ត្រីរាជការថ្នាក់ក្រោមជាតិខេត្ត កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីនាយករដ្ឋបាល នាយកនាយករងទីចាត់ការ ប្រធានអង្គភាព ប្រធាន អនុប្រធានការិយាល័យ និងអជ្ញាធរជុំវិញខេត្តជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ លោក អម សុភា បានមានប្រសាសន៍ថា ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ បានជួយកែសម្រួលឡើងវិញ នូវរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង និងនីតិវិធីបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយឈរលើគោលការណ៍ នៃរដ្ឋបាលឯកភាព និងការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ។ កំណែទម្រង់នេះបានរួមចំណែកក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងដោះស្រាយបាននូវបញ្ហាប្រឈមជាអាទិភាពនានានៅតាមមូលដ្ឋាន ដែលបានចូលរួមចំណែកដល់ការលើកកម្ពស់ ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន និងសមធម៌សង្គម។

ទន្ទឹមនឹងនេះ លោកបានបន្តថា ដើម្បីសម្រេចបាននូវលទ្ធផលក្នុងសមាសភាគទាំង៥ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយចំនួន៦ ដែលត្រូវអនុវត្តជាអាទិភាព ក្នុងនោះ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និងការរៀបចំឱ្យមានសហគមន៍កសិកម្ម គឺជាកម្មវិធីនយោបាយទី៦ ដែលត្រូវអនុវត្តភ្លាមៗ ដើម្បីធ្វើឱ្យវិស័យកសិកម្ម និងជួយដល់ជីវភាពរបស់ប្រជាកសិករឱ្យមានភាពប្រសើរឡើង។

ប្រណិតភាពថ្មីរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិគឺជាកិច្ចការថ្មីមួយសម្រាប់យើងទាំងអស់គ្នា ជាពិសេស នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែផ្តល់ការគាំទ្រ និងជំរុញដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ធ្វើយ៉ាងណាឱ្យកំណែទម្រង់នេះបានប្រែក្លាយកាន់តែមុតស្រួច និងស៊ីជម្រៅដើម្បីចូលរួមសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាល៕
ដោយ បៃ ស៊ីថុន





