ច្រកអន្តរជាតិកម្ពុជា-ថៃក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបើកដំណើរការជាធម្មតា
AKP បាត់ដំបង ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥-- មួយរយៈកន្លងមកនេះ ពិសេសគឺចាប់តាំងពីមានការប៉ះទង្គិចគ្នា រវាងកងទ័ពកម្ពុជា និងថៃ នៅឯខេត្តព្រះវិហាររួចមក ក៏មានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយថាទាំងច្រកអន្តរជាតិ ច្រកតំបន់ និងច្រករបៀងទាំងអស់តាមបណ្ដោយព្រំដែនកម្ពុជាថៃ នឹងត្រូវបិទទាំងស្រុង ដែលព័ត៌មាននេះបានធ្វើឱ្យក្រុមអាជីវករ និងអ្នករកស៊ីតាមច្រកនីមួយៗ មិនថាប្រជាពលរដ្ឋខ្មែរ ឬប្រជាពលរដ្ឋថៃនោះទេ បានបញ្ចេញនូវការព្រួយបារម្ភអំពីមុខរបររបស់ខ្លួន។

ផ្ទុយទៅវិញនៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នេះ គេសង្កេតឃើញថា នៅច្រកអន្តរជាតិភ្នំដី ស្ថិតក្នុងស្រុកសំពៅលូន ច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង និងច្រកតំបន់មួយចំនួនក្នុង ស្រុកកំរៀង ស្រុកភ្នំព្រឹក និងស្រុកសំឡូត តាមខ្សែបន្ទាត់ព្រំដែនខេត្តបាត់ដំបង គឺពុំមានការបិទច្រកណាមួយនៅឡើយទេ ដោយមានប្រជាពលរដ្ឋទាំងពីរប្រទេសឆ្លងចេញចូលជាធម្មតា ហើយអាជីវករដឹកទំនិញនិងបន្លែបង្កាក៏នៅតែធ្វើសកម្មភាពជាធម្មតា ដោយមិនទាន់ឃើញថាមានបទបញ្ជាខាងណាមួយដើម្បីឱ្យបិទច្រកទាំងស្រុងនោះឡើយ។
ប្រជាពលរដ្ឋនៅតាមបណ្ដោយព្រំដែនមួយចំនួនបានលើកឡើងថា ការប៉ះទង្គិចគ្នានៅឯខេត្តព្រះវិហារគឺជារឿងកងកម្លាំង និងកងកម្លាំង ដោយមិនមានពាក់ព័ន្ធអ្វីជាមួយនឹងអាជីវករ និងប្រជាពលរដ្ឋដែលរកស៊ីនៅតាមច្រកនីមួយៗនោះឡើយ ដូច្នេះវាមិនគួរថាត្រូវបិទច្រកទាំងអស់នោះទេព្រោះវាជារឿងដាច់ដោយឡែកពីគ្នា។ ទោះបីជាមានព័ត៌មានលេចឮថានឹងត្រូវបិទច្រកទាំងអស់នៅពេលឆាប់ៗខាងមុខនេះក៏ដោយ ក៏បច្ចុប្បន្នច្រកទាំងអស់ដែលស្ថិតក្នុងទឹកដីខេត្តបាត់ដំបងជាមួយប្រទេសថៃ គឺមិនទាន់មានអ្វីប្រែប្រួលនៅឡើយទេ ដោយនៅដំណើរការជាធម្មតា៕
ដោយ សុផល





