លោក ព្រឹម រដ្ឋា៖ ការព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺជាការយកចិត្តទុកដាក់ខ្ពស់លើសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ
AKP កំពង់ធំ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥-- លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា ការព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី គឺជាការយកចិត្តទុកដាក់ខ្ពស់លើសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្នុងឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។

ទន្ទឹមនឹងនេះ លោក ព្រឹម រដ្ឋា បានណែនាំដល់ប្រជាពលរដ្ឋដែលបានមកទទួលការព្យាបាលនៅក្នុងពេលនេះត្រូវនាំគ្នាថែរក្សាសុខភាពឱ្យបានមាំទាំជាប្រចាំ ជាពិសេសត្រូវអនុវត្តតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យដែលបានផ្ដល់ជូនដើម្បីឱ្យស្ថានភាពផ្សេងៗរបស់សុខភាពក៏ដូចជាជំងឺរបស់ខ្លួនបានឆាប់ជាសះស្បើយគ្រប់ៗគ្នា។ត្រូវរស់នៅប្រកបដោយអនាម័យបីល្អ ជាពិសេសត្រូវកំចាត់ជម្រកមូសខ្លាដែលជាប្រភពចម្លងមេរោគគ្រុនឈាមព្រមទាំងគេងនៅក្នុងមុងឱ្យបានជាប្រចាំដើម្បីបង្ការមូសខាំក៏ដូចជាឆ្លងជំងឺផ្សេងៗថែមទៀត ហើយនៅពេលដែលមានរោគសញ្ញាណាមួយគួរឱ្យសង្ស័យត្រូវសូមប្រញាប់រួសរាន់ទៅមណ្ឌលសុខភាពឬទៅមន្ទីរពេទ្យដែលនៅជិតបំផុតដើម្បីប្រឹក្សា និងជួយព្យាបាលបានទាន់ពេលវេលា។

ជាមួយគ្នានេះដែរ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខភាពសាធារណៈប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាពិសេសបាន បញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដែលជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ក្នុងការចូលរួមលុបបំបាត់ភាពក្រីក្រ និងបានអំពាវនាវសូមប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺ covid 19 ដែលកំពុងកក្រើកឡើងវិញឱ្យបានគ្រប់ៗគ្នាដើម្បីបញ្ចៀសនូវការឆ្លងជំងឺដែលអាចបង្កនូវភាពធ្ងន់ធ្ងរ។

សូមបញ្ជាក់ថា ក្នុងកម្មវិធីនេះគឺមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តសរុបចំនួន១៩នាក់ (ស្រី៣នាក់) ក្រុមការងារស.ស.យ.កចំនួន១៣នាក់ (ស្រី៥នាក់) និងមានប្រជាពលរដ្ឋមកព្យាបាលជំងឺដោយគិតថ្លៃសរុបចំនួន២៦១នាក់៕


ដោយ ស៊ុម វណ្ណា





