បេក្ខជន៤ក្រុមបានជាប់បន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥-- បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងការវាយតម្លៃយ៉ាងម៉ត់ចត់ និងដោយសុក្រឹត កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ បានរកឃើញក្រុមចំនួន៤ ដែលបានឈានជើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលក្រុមទាំង៤ រួមមាន វិទ្យាល័យសម្តេចតេជោ ហ៊ុនសែន សំពៅលូន ខេត្តបាត់ដំបង វិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់ សមាគមកាយឫទ្ធិនារីកម្ពុជា និងវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប។

ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះប្អូនៗបេក្ខជនទាំងអស់ ដែលបានខិតខំសិក្សាស្រាវជ្រាវយ៉ាងស្វិតស្វាញ លះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីចូលរួមការប្រកួតក្នុងវគ្គជម្រុះវគ្គទី៣នេះ ជាពិសេសសូមកោតសរសើរដល់ប្អូនៗបេក្ខជនទាំងអស់ ដែលមានភាពក្លាហាន និងការប្តេជ្ញាយ៉ាងមោះមុត ក្នុងការចូលរួមបង្ហាញសមត្ថភាពក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥នេះ ហើយសូមប្អូនៗបេក្ខជនទាំងអស់បន្តខិតខំប្រឹងប្រែងថែមទៀត ដោយរក្សាស្មារតីតស៊ូព្យាយាមដើម្បីក្លាយខ្លួនជាយុវជនដ៏មានសក្តានុពលនាពេលខាងមុខ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





