និស្សិតមហាវិទ្យាល័យជលផលចុះសិក្សាស្រាវជ្រាវអំពីប្រភេទត្រីនៅផ្សារសាមគ្គី ខេត្តស្ទឹងត្រែង
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥-- និស្សិតមហាវិទ្យាល័យជលផល និងវារីវប្បកម្ម ចុះសិក្សាស្រាវជ្រាវអំពីប្រភេទត្រី និងសមាសភាគនៃប្រភេទត្រី នៅក្នុងផ្សារ ខេត្តស្ទឹងត្រែងសម្រាប់សារណាបទ បំពេញលក្ខខណ្ឌការសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តជលផលរបស់ខ្លួននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

ការសិក្សានេះមានសារប្រយោជន៍ស្វែងយល់ពីប្រភេទត្រីសំខាន់ៗដែលកំពុងដាក់លក់នៅផ្សារសាមគ្គី ខេត្តស្ទឹងត្រែង ដូចជាប្រភេទត្រីធំៗ និងងាយរងគ្រោះ បរិមាណផលចាប់ និងតម្លៃសេដ្ឋកិច្ចនៃប្រភេទត្រីនីមួយៗដែលអាចប្រែប្រួលទៅតាមលក្ខណៈជីវសាស្ត្រដូចជា ទំហំត្រី វត្តមានពងត្រី សភាពត្រីដែលលក់ និងប្រភេទត្រីដែលមានលក់នៅក្នុងអំឡុងពេលសិក្សានេះ។

ការសិក្សានេះត្រូវបានគាំទ្រដោយគម្រោង EU CapFish Capture តាមរយៈអង្គការ FAO សហការណ៍ជាមួយរដ្ឋបាលជលផល។ សូមអរគុណផងដែរដល់ខណ្ឌរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដែលតែងតែជួយសម្របសម្រួល សហការ និងគាំទ្រដល់ក្រុមនិស្សិត និងក្រុមអ្នកស្រាវជ្រាវពី មហាវិទ្យាល័យជលផល និងវារីវប្បកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម៕

ដោយ ណយ នឿន (ប្រភព៖ មហាវិទ្យាល័យជលផល)





