ឯកឧត្តម លន់ សាមឌី រំពឹងថា វគ្គបណ្តុះបណ្តាលបាល់ឱប នឹងជួយបន្តដល់ដំណើរការអភិវឌ្ឍកាន់តែប្រសើរ
AKP ភ្នំពេញ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥--វគ្គបណ្តុះបណ្តាលកីឡាបាល់ឱប (World Rugby Pre-Level 1 Match Offidating, Rugby Ready, T1 Festival/ Workshop and World Rugby Level 1 Coaching Course) បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា ឯកឧត្តម លន់ សាមឌី រំពឹងថា តាមរយៈវគ្គសិក្សានេះនឹងជួយជំរុញបន្ថែមដល់ដំណើរការអភិវឌ្ឍប្រភេទកីឡាអូឡាំពិករបស់កម្ពុជាមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមទាំងអស់ ដែលបានចូលរួមវគ្គបណ្តុះបណ្តាល និងក្រេបជញ្ជក់យកចំណេះដឹង ដើម្បីអភិវឌ្ឍជំនាញកីឡាមួយនេះ ក្រោមការចែករំលែកពីគ្រូឧទ្ទេស លោក Mahfizul Islan ទីប្រឹក្សាអភិវឌ្ឍន៍កីឡាបាល់ឱបសហព័ន្ធកីឡាបាល់ឱបអាស៊ី (Asia Rugby) ក្រោមរៀបចំដោយសហព័ន្ធកីឡាបាល់ឱបកម្ពុជា។

ឯកឧត្តម លន់ សាមឌី បន្ថែមថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ឱបកម្ពុជា ក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការអញ្ជើញជាសក្ខីភាពពីលោក វ៉ា វណ្ណៈ អគ្គនាយករងកីឡា តំណាងឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក ងិន សុខបញ្ញា តំណាងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Mahfizul Islam ទីប្រឹក្សាអភិវឌ្ឍន៍បាល់ឱបអាស៊ី។

លោក ពេជ្រ រតនា អគ្គលេខាធិការសហព័ន្ធកីឡាបាល់ឱបកម្ពុជាបានជម្រាបជូនថា វគ្គបណ្តុះបណ្តាល បាល់ឱបនេះត្រូវបានបែងចែកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកជា៣វគ្គ គឺវគ្គទី១ Workforce development វគ្គទី២ T1 Rugby festival, Rugby ready and Pre-L1 match officiate course និងវគ្គទី៣ World rugby level 1 coaching course។ វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ២៦នាក់ ក្នុងនោះមានស្រី ១១ នាក់ និងបុរស១៥នាក់មកពីមកពីខេត្តបាត់ដំបង អង្គការបាល់ឱបកម្ពុជា ក្លឹបគោជល់ ក្លឹបក្របីព្រៃ ក្លឹបអនន្តៈ ក្លឹបស៊ីសុវត្តិ ក្លឹបស្រ្តីផ្កាឈូក ក្លឹបបាល់ឱបត្បូងឃ្មុំ និងសមាជិកប្រតិបិត្ត ៥នាក់។

អគ្គលេខាធិការរូបនេះបន្តថា បន្ទាប់ពីបញ្ចប់វគ្គសិសក្សារយៈពេល៤ថ្ងៃកន្លងទៅនេះ យើងទទួលបានលទ្ធផលជាទីពេញចិត្ត ដោយ ៨៥ ភាគរយទទួលបាននិទ្ទេសល្អ ១០ភាគរយទទួលបាននិទ្ទេសល្អបង្គួរ និង ៥ភាគរយទទួលបាននិទ្ទេស មធ្យម។ លោកសង្ឃឹមថា លោកគ្រូ អ្នកគ្រូ ដែលបានបញ្ចប់វគ្គនេះ នឹងនាំយកចំណេះដឹង បទពិសោធទាំងអស់ ទៅបង្រៀន និងផ្សព្វផ្សាយវិស័យកីឡាបាល់ឱបនេះបន្តដល់ប្អូនៗជំនាន់ក្រោយ នៅតាមសាលារៀន ភូមិ ស្រុករបស់អ្នកទាំងអស់គ្នាឱ្យបានស្គាល់កាន់តែច្រើន នៅទូទាំងប្រទេស ដើម្បីបន្តការអភិវឌ្ឍឆ្ពោះទៅចូលរួមប្រកួតលើឆាកអន្តរជាតិ នាពេលខាងមុខផងដែរ៕

ដោយ ហេង ណាលីន





