កញ្ញា ផន ស្រីពី ក្លាយជាបវរកញ្ញាឯក Miss Cosmo Cambodia ២០២៥
AKPភ្នំពេញ៖ថ្ងៃទី១ ខែ មិថុនា ឆ្នាំ ២០២៥-- ទីបំផុតកញ្ញា ផន ស្រីពី បានដណ្តើម មកុដ ពីកម្មវិធីលំដាប់អន្តរជាតិរបស់ Miss Cosmo Cambodia ២០២៥ ដោយបានសម្រេចក្តីស្រម៉ៃរបស់ខ្លួន កាលពីយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅសាលមហោស្រពកោះពេជ្រកន្លងមក។

គួរបញ្ជាក់ថា ការបង្ហាញខ្លួនរបស់កញ្ញា ផន ស្រីពី ក្នុងវគ្គផ្ដាច់ព្រ័តរបស់ Miss Cosmo Cambodia បានធ្វើឲ្យមហាជន និងអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នៅពេលដែលឃើញ ស្រីពី បញ្ចេញសមត្ថភាព និងការតស៊ូមតិ ការឆ្លងឆ្លើយសំនួរចម្លើយ ដែលកញ្ញាពោរពេញទៅដោយ សមត្ថភាពខ្ពស់ មិនថាភាសា ឬភាពឆ្លាតវៃ ក៏ស្រីពី អាចគ្រប់គ្រងស្ថានការបានយ៉ាងល្អ។

សូមរំលឹកថា កញ្ញា ស្រីពី កាលពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កញ្ញាបានគ្រងឈុតនាដការីរបាំព្រះរាជទ្រព្យ ដែលមានអាយុកាល ១០០ឆ្នាំ ដែលធ្វើឲ្យកញ្ញាកាន់តែទទួលបានប្រជាប្រិយភាព កាន់តែខ្លាំងពីមួយវគ្គទៅមួយវគ្គ ស្របដែលរបាំមួយនេះ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ យកមកសម្ដែងនៅលើឆាកបានយ៉ាងល្អឥតខ្ជោះ បើទោះបីជានាងមិនមានជំនាញជាអ្នករាំបាំជាមួយរបាំព្រះរាជទ្រព្យនេះយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រនៅតែកោតសរសើចំពោះការខំប្រឹងប្រែងរបស់នាងដែរ។

កញ្ញា ផន ស្រីពី បានបញ្ជាក់ក្រោយបញ្ចប់ការប្រកួតថាកាលពីអតីតនាងជាក្មេងស្រីម្នាក់ដែលបានឆ្លងកាត់ការលំបាកច្រើនក្នុងឆាកជីវិត។នាងជាក្មេងស្រីម្នាក់ដែលធ្លាប់បានត្រូវគេមើលងាយ ទៅលើសម្រស់ ពណ៌សម្បុល និងមិនឲ្យតម្លៃ ជាក្មេងស្រីម្នាក់ដែលមើលកូនឲ្យគេ លក់ខោជជុះតាមផ្សារ ដើម្បីបានលុយយកឲ្យម្ដាយទុកផ្គត់ផ្គង់ជីវភាពគ្រួសារ។ទោះបីយ៉ាងណាដើម្បីសម្រេចនូវក្តីស្រម៉ៃរបស់ខ្លួនកញ្ញា បានទទួលឱកាសក្នុងការប្រកួតប្រជែងក្នុងកម្មវិធី Miss Cosmo Cambodia រហូតបាន ក្លាយជាបវរកញ្ញាឯកប្រចាំ Miss Cosmo Cambodia ២០២៥។

ជាមួយគ្នានេះលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារីបានថ្លែងឱ្យដឹងថាការរៀបចំព្រឹត្តការណ៍ប្រឡងជ្រើសរើសកញ្ញឯក MISS COSMO CAMBODIA 2025 ជាការបង្ហាញសមត្ថភាព សម្រស់ មានទំនាក់ទំនងមិត្តភាព រវាងជាតិសាសន៍ខ្លួន និងបរទេស រួមជាមួយការនាំយកវប្បធម៌ ទេសចរណ៍ ។ល។ ទៅចែករំលែកផ្សព្វផ្សាយឲ្យពិភពលោកបានស្គាល់ពីកម្ពុជាបន្ថែមទៀត។
លោកជំទាវបានលើកឡើងថាក្នុងប្រធានបទដែលគណៈកម្មការរៀបចំដាក់សំនួរនេះការប្រឡងព្រត្តិការណ៍មួយនេះគឺភាគច្រើនសុទ្ធតែពាក់ព័ន្ធនឹងការ យល់ដឹងអំពីស្ត្រី កុមារ។នេះជាចំណែកមួយយ៉ាងសំខាន់សម្រាប់ផ្តល់ចំណេះដឹង និងក៏ជាការស្វែងយល់កាន់តែប្រសើរសម្រាប់ស្រ្តី និងកុមារនៅកម្ពុជា។

លោកជំទាវរដ្ឋលេខាឱ្យដឹងដែរថាកញ្ញាឯក MISS COSMO CAMBODIA 2025 ផន ស្រីពី ដែលបានឈ្នះក្នុងការប្រកួតនេះ នឹងបន្តចូលរួមប្រកួតបវរកញ្ញាអន្តរជាតិនៅវៀតណាមលើកទី២ ដែលមានការចូលរួមពីបរវរកញ្ញាមកពីប្រទេសនានាចំនួន ៨០ប្រទេស នាពេលខាងមុខ។

សូមរំលឹកថា ភាពជោគជ័យដ៏ធំរបស់ Miss Cosmo Cambodia 2025 ទទួលបានការគាំទ្រពីម៉ាកយីហោ និងម្ចាស់អាជីវកម្មលំដាប់កំពូល ដោយបានលើកតម្កើងកិត្យានុភាពនៃការប្រកួតប្រជែងបន្ថែមទៀតក្នុងនេះមានដូចជា៖ Title Sponsor: Morea, Idol, Bophakun Jewelry, Freshy Fruit Juice, Liberty Carz, Vital, TADA, Mee Chiet, LED Lighting Solutions, OCIC Group, Ido Stage and Lighting,VMedia, Anik Hotel, Sangkran Creative, ZD Security, Dy Sonita Samang Ka, Pee Luck Salon, Cakeaway, Tiara Air Travel Company, ZY International School, Koh Pich Phnom Penh, Koh Pich Convention and Exhibition Center, THE ELYSEE, Norea City Phnom Penh, Orchid Hospital, Metfone, Almee Couture, GAP, Levi’s, Swarovski, Alex & Sara, Sok Tan, EM RIEM, Nob Dane Samang Ka, Sophal Katde, Minh Tuan Couture, Brian Vo, LD Picture, Sash Factor ជាដើម៕
ដោយ៖មករា





