ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងចាស់ជរាចំនួន៥០គ្រួសារ នៅស្រុកពួកទទួលបានស្បៀងអាហារពីព្រះសង្ឃ និងសប្បុរសជន
AKP សៀមរាប ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ -- ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ ព្រះសមុហ៍គណខេត្ត និង ជាព្រះចៅអធិការវត្តប្រាសាទចាន់រង្សី សហការជាមួយលោក អែន ឌ្រាស់ តំណាងម្ចាស់ជំនួយ និងសមាគមជីវិត និងក្តីសង្ឃឹម វត្តដំណាក់ កាលរសៀលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២៥ បាននាំយកស្បៀងអាហាររួមមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និង មី ទៅចែកជូនដល់គ្រួសារខ្វះខាតចំនួន៥០គ្រួសារ មកពី៣ភូមិគឺភូមិពាន ភូមិតាស្នេហ៍ និងភូមិគោកថ្មី ក្នុងឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។

លោកស្រី កាន់ ស្រីពេជ្រ តំណាងលោកមេឃុំដូនកែវ បានថ្លែងអំណរព្រះគុណ និង អរគុណព្រះសង្ឃ និងសប្បុុរសជនដែលបាននាំយកស្បៀងអាហារមកជូនដល់ប្រជាពលរដ្ឋក្នុងឃុំរបស់លោកស្រី ដែលជួបប្រទះការខ្វះខាត ។
លោក អែនឌ្រាស់ តំណាឱ្យម្ចាស់ជំនួយ ក៏បានសំដែងនូវក្តីសោមនស្សនស្សរីករាយ ដែលលោកមានឱកាសមកជួយដល់បងប្អូនទាំងអស់ និងសូមអរគុណ ដល់គ្រួសារទាំងអស់ សូមឱ្យមានសុខភាពល្អ និងរីកចម្រើនរួចផុតពីភាពខ្វះខាត។ លោកបានសុំពុកម៉ែងបងប្អូនហាមកូនចៅកុំឱ្យសេពគ្រឿងស្រវឹង គ្រឿងញៀន និង លែងស្បែស៊ីសងផ្សេងៗនាំឱ្យខូចអនាគត សុខភាព និង អាយុជីវិត ។

ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ បានមានសង្ឃដីកាថា អំណោយទាំងនេះកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ និង សប្បុរជនទាំងក្នុង នឹងក្រៅស្រុក ដូចនេះគ្រួសារដែលទទួលបានការឧបត្ថម្ភនេះត្រូវយកទៅបរិភោគប្រើប្រាស់ក្នុងផ្លូវល្អឱ្យមានកម្លាំង មានសុខភាពល្អ និង ខិតខំប្រឹងប្រែងស្វែងរកទ្រព្យបន្ថែមទៀត ពីព្រោះការជួយនេះមិនអាចដោះស្រាយបញ្ហាខ្វះខាតបានទាំងស្រុងទេ ពោលគឺវាគ្រាន់តែបានជួយដោះស្រាយមួយរយៈពេលខ្លីប៉ុណ្ណោះ ។

ជាមួយគ្នានេះ សូមញាត់ញោមជំរុញលើកទឹកចិត្តកូនចៅឱ្យទៅរៀនសូត្រ ព្រមទាំងជួយបង្ហាត់បង្រៀនកូនៗបន្ថែមនៅផ្ទះ ពីព្រោះមានតែការសិក្សាទេដែលអាចជួយឱ្យរួចផុតពីភាពក្រីក្របាន៕
ដោយ៖ ឃុត សៅ





