ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ជនរួមជាតិជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់ សម្ដេចធិបតី
AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ -- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ បានថ្លែងបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងយុវជន គឺមានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាជុំវិញបញ្ហាព្រំដែនតំបន់មុំ៣បង្កឡើងដោយកងទ័ពថៃ។ ការបញ្ជាក់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឯកភ្នំ ខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមបានបន្តថា ស្របតាមលំអាននៃគំរូវីរភាពដឹកនាំដ៏អង់អាចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺសម្ដេចបរវធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការពារបូរណភាពទឹកដី ដើរទន្ទឹមគ្នានឹងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាពលើវិស័យជាច្រើនទៀតរវាងកម្ពុជា-ថៃ ដើម្បីធានាប្រក្រតីភាពនៃឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសទាំងសងខាង ពោលគឺទន្ទឹមនឹងការពារទឹកដីដូនតាមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រនោះគឺសម្ដេចក៏មានឆន្ទះដោះស្រាយបញ្ហាព្រំដែនប្រដោយសន្តិវិធី ដើម្បីធានាបានព្រំដែនមិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

ក្នុងនាមអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមអភិសន្តបណ្ឌិត ស សុខា បានចូលរួមរំលែកមរណទុក្ខចំពោះការពលីរបស់កងកម្លាំងយោធពលខេមរភូមិន្ទក្នុងព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធបង្កឡើងដោយកងទ័ពថៃមកលើកងទ័ពកម្ពុជានៅតំបន់មុំ៣។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេសបន្តមានស្មារតីជាធ្លុងមួយ ប៉ុន្តែក៏មិនត្រូវធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់ដំណោះស្រាយប្រកបដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះទេ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





