ប្រទេសចំនួន៣៣ ចុះហត្ថលេខាលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្មនៅតំបន់រដ្ឋបាលពិសេសហុងកុង
AKP ហុងកុង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ -- ពិធីចុះហត្ថលេខាលើអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (IOMed) បានប្រព្រឹត្តទៅនៅទីក្រុងហុងកុងកាលពីថ្ងៃសុក្រ។ យោងតាមក្រសួងការបរទេសចិន បានឱ្យដឹងថា តំណាងជាន់ខ្ពស់ប្រមាណ ៤០០នាក់ មកពី ៨៥ ប្រទេសនៅទូទាំងតំបន់អាស៊ី អាហ្រ្វិក អាម៉េរិកឡាទីន និងអឺរ៉ុប ព្រមទាំងអង្គការអន្តរជាតិជិត២០ បានចូលរួមក្នុងពិធីនេះ។

យោងតាមក្រសួងបានឱ្យដឹងថា ក្នុងចំណោមប្រទេសទាំង៣៣ ដែលបានចុះហត្ថលេខាលើអនុសញ្ញានៅនឹងកន្លែងនេះ ហើយក្លាយជារដ្ឋសមាជិកស្ថាបនិករបស់អនុសញ្ញា។
សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិម CPC និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅក្នុងពិធីនោះថា ប្រទេសចិនបានតស៊ូមតិយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយភាពខុសគ្នាក្នុងស្មារតីនៃការយោគយល់គ្នា និងការសម្របសម្រួលគ្នា បង្កើតការឯកភាពគ្នាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ ជំរុញការអភិវឌ្ឍដោយគោលការណ៍ឈ្នះ-ឈ្នះ និងការដោះស្រាយបញ្ហាជាមួយនឹងវិធីសាស្រ្តឆ្ពោះទៅមុខ។

លោក វ៉ាង បាននិយាយថា ការបង្កើត IOMed គឺជាជំហានប្រកបដោយនវានុវត្តន៍មួយនៅក្នុងវិស័យនីតិរដ្ឋអន្តរជាតិ និងមានសារៈសំខាន់ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងអន្តរជាតិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសចិនកាលពីថ្ងៃសុក្រ។ លោក វ៉ាង បាននិយាយថា ការបង្កើតអង្គការអន្តរជាតិនេះបានបង្កប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ បំពេញគម្លាតស្ថាប័នដែលមានរយៈពេលយូរនៅក្នុងវិស័យសម្របសម្រួលអន្តរជាតិ និងបម្រើជាប្រយោជន៍សាធារណៈដ៏សំខាន់សម្រាប់ការពង្រឹងនីតិរដ្ឋនៅក្នុងអភិបាលកិច្ចសកលលោក។

នៅក្នុងចំណោមប្រទេសទាំងនោះ បណ្តាប្រទេសនៅអាស៊ានមួយចំនួនក៏បានចុះហត្ថលេខា និងក្លាយជាសមាជិកស្ថាបនិក IOMed ផងដែរ ដែលរួមមានប្រទេសកម្ពុជា ឥណ្ឌូណេស៊ី និងឡាវ។ តំណាងមកពីស្ថាប័នអន្តរជាតិចំនួន២០ រួមទាំងអង្គការសហប្រជាជាតិផងដែរនោះក៏ត្រូវបានគេរំពឹងថានឹងចូលរួមនៅក្នុង IOMed ផងដែរ៕
ដោយ៖ យា ចិន្តាខន្តី





