អង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួលនឹងក្លាយជាអង្គការអន្តរជាតិផ្នែកច្បាប់អន្តររដ្ឋាភិបាលដំបូងគេរបស់ពិភពលោកសម្រាប់ដំណោះស្រាយជម្លោះដោយសន្តិភាព
AKP ហុងកុង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- អង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួល (IOMed) នឹងក្លាយជាអង្គការអន្តរជាតិផ្នែកច្បាប់អន្តររដ្ឋាភិបាលដំបូងគេរបស់ពិភពលោកដែលបម្រើដល់ការដោះស្រាយជម្លោះអន្តរជាតិតាមរយៈការសម្រុះសម្រួល។ វាក៏ឆ្លុះបញ្ចាំងពីទំនុកចិត្តរួមរបស់យើងក្នុងការសម្រុះសម្រួលជាមធ្យោបាយសន្តិភាព ដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ នេះបើយោងតាមការថ្លែងរបស់លោក ចន លី (John Lee) នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន។

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីចុះហត្ថលេខាលើអនុសញ្ញានៃការបង្កើត IOMed នៅទីក្រុងហុងកុង លោក ចន លី បាននិយាយថា IOMed នឹងផ្តល់នូវមធ្យោបាយដល់ប្រទេសនានា ដោយមិនគិតពីវប្បធម៌ ភាសា និងប្រព័ន្ធច្បាប់ - ដើម្បីដោះស្រាយបញ្ហាជម្លោះអន្តរជាតិដោយផ្អែកលើការគោរព និងការយល់ដឹងគ្នាទៅវិញទៅមក ដែលវាពិតជាមានសារៈសំខាន់កាន់តែខ្លាំងថែមទៀត នៅខណៈដែលភាពតានតឹងខាងភូមិសាស្ត្រនយោបាយកំពុងមានការកើនឡើង។ លោកបានបន្តថា នៅពេលដែលលទ្ធិគាំពារនិយមកំពុងគំរាមកំហែង និងធ្វើឱ្យខូចសណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ ហើយនៅពេលដែលលទ្ធិឯកតោភាគីលេចចេញនៅលើខ្សែសង្វាក់ផ្គត់ផ្គង់សកលលោក វាគឺជាការសន្ទនា ដែលមិនមែនជាការបែងចែកទេ ដើម្បីស្តារតុល្យភាពឡើងវិញ។

លោកបានបញ្ជាក់ថា ប្រទេសចិនបាននាំមុខគេជាយូរមកហើយនូវភាពសមធម៌ និងការឯកភាព។ គុណធម៌ចិនដែលមានន័យថា "ភាពសុខដុមរមនាក្នុងភាពចម្រុះ" ត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងសហគមន៍ និងវប្បធម៌របស់យើង ហើយតម្លៃនៃការគោរពគ្នាទៅវិញទៅមកទោះបីជាមានភាពខុសគ្នាក៏ស្ថិតនៅតែជាស្នូលនៃការសម្រុះសម្រួលរបស់ IOMed និងពិភពលោកដែលស្វែងរកកិច្ចសហប្រតិបត្តិការទៅលើដំណោះស្រាយជម្លោះដោយសន្តិភាព។
លោកបាននិយាយបន្ថែមថា បើទោះបីជាមានភាពចលាចលភូមិសាស្ត្រនយោបាយក៏ដោយ ក៏ហុងកុងនៅតែកសាងស្ពាននៃទំនាក់ទំនង ដោយមិនមែនជញ្ជាំងខណ្ឌចែកគ្នានោះទេ។ ក្រោមគោលការណ៍ "ប្រទេសមួយ ប្រព័ន្ធពីរ" តែមួយគត់របស់យើង ហុងកុង គឺជាទីក្រុងពិភពលោកតែមួយគត់ដែលទទួលបាននូវអត្ថប្រយោជន៍ទាំងពីប្រទេសចិន និងអត្ថប្រយោជន៍ជាសកល។ ដោយមានការគាំទ្រពីផែនការជាតិរយៈពេលប្រាំឆ្នាំលើកទី១៤ របស់ខ្លួន ទីក្រុងហុងកុងបានក្លាយជាមជ្ឈមណ្ឌលសេវាកម្មដោះស្រាយវិវាទផ្នែកច្បាប់ និងច្បាប់អន្តរជាតិនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនេះជាមូលហេតុចម្បងដែល IOMed សម្រេចជ្រើសរើសយកទីក្រុងហុងកុងជាទីស្នាក់ការកណ្តាលរបស់ខ្លួន៕
ដោយ៖ យា ចិន្តាខន្តី





