អង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួល គឺជាការសម្រេចគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ
AKP ហុងកុង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ -- លោក វ៉ាង យី (Wabg Yi) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សចិន CPC និងជារដ្ឋមន្ត្រីការបរទេសចិន ដែលបានអញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុសញ្ញានៃការបង្កើតអង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួល (IOMed) នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅតំបន់រដ្ឋបាលពិសេសហុងកុង បានថ្លែងថា ការបង្កើតអង្គការអន្តរជាតិសម្រាប់ការសម្រុះសម្រួល គឺជាការសម្រេចគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។

ការសម្រុះសម្រួលដូចដែលមានចែងយ៉ាងច្បាស់នៅក្នុងមាត្រា៣៣ នៃធម្មនុញ្ញអង្ឋការសហប្រជាជាតិ គឺជាមធ្យោបាយទីមួយដែលគួរត្រូវបានសាកល្បងក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះអន្តរជាតិ។ ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានអង្គការអន្តររដ្ឋាភិបាលផ្នែកច្បាប់ក្នុងវិស័យនេះនៅឡើយទេ។ អង្គការ IOMed មានបេសកកម្មក្នុងការសម្រុះសម្រួលជម្លោះរវាងរដ្ឋ ឬរវាងរដ្ឋ និងវិនិយោគិនបរទេស និងជម្លោះពាណិជ្ជកម្មអន្តរជាតិដោយផ្អែកលើឆន្ទៈរបស់ភាគីពាក់ព័ន្ធ។ វានឹងបំពេញគម្លាតស្ថាប័នក្នុងការសម្រុះសម្រួលអន្តរជាតិ និងបម្រើជាប្រយោជន៍សាធារណៈដ៏សំខាន់ក្នុងវិស័យនីតិរដ្ឋសម្រាប់អភិបាលកិច្ចពិភពលោកកាន់តែប្រសើរ។
លោកបានបន្តថា ការដោះស្រាយជម្លោះតាមរយៈការសន្ទនា និងការសម្រុះសម្រួលវិវាទតាមរយៈការពិគ្រោះយោបល់ គឺជាតម្លៃរួម និងសេចក្តីប្រាថ្នានៃអរិយធម៌ធំៗទាំងអស់នៅក្នុងពិភពលោក។ ការបង្កើតអង្គការ IOMed អាចជួយឱ្យឆ្លងផុតពីដំណោះស្រាយដែលមាន "អ្នកចាញ់-ខ្ញុំឈ្នះ" ក្លាយមកជាដំណោះស្រាយដែលមាន "អ្នកឈ្នះ-ខ្ញុំក៏ឈ្នះ" ដែលជួយលើកកម្ពស់ការដោះស្រាយវិវាទអន្តរជាតិប្រកបដោយសន្តិភាព និងជំរុញទំនាក់ទំនងអន្តរជាតិឱ្យកាន់តែមានភាពចុះសម្រុងគ្នា។
ការបង្កើតអង្គការ IOMed គឺជាការបង្ហាញពីការរួមបញ្ចូលនៅក្នុងវប្បធម៌នៃនីតិរដ្ឋ។ វារួមបញ្ចូលនូវប្រព័ន្ធច្បាប់សំខាន់ៗដែលល្អបំផុត គោរពតាមបំណងប្រាថ្នារបស់ភាគីពាក់ព័ន្ធ និងមានចំណុចខ្លាំងនៃភាពបត់បែន សន្សំសំចៃ ភាពងាយស្រួល និងប្រសិទ្ធភាព។ ហើយវានឹងបំពេញបន្ថែម និងបង្កើតការរួមផ្សំជាមួយវិវាទ មជ្ឈត្តកម្ម និងយន្តការដោះស្រាយវិវាទអន្តរជាតិដែលមានស្រាប់ផ្សេងៗទៀត៕
ដោយ៖ យា ចិន្តាខន្តី





