គម្រោង CaPFish-Aquaculture ទស្សនៈកិច្ចសិក្សានៅកសិដ្ឋានវារីវប្បកម្មឆ្លាតវៃ នៅខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥--
ក្រុមការងារគម្រោង ខាបហ្វីស អាក្វ័រខាល់ឆ័រ CaPFish-Aquaculture បានធ្វើទស្សនៈកិច្ចសិក្សានៅកសិដ្ឋានវារីវប្បកម្មឆ្លាតវៃ សាកល្បងមួយ នៅខេត្តសៀមរាប ដើម្បីចែករំលែកលទ្ធផលស្រាវជ្រាវសំខាន់ៗទាក់ទងនឹងវិធីសាស្ត្រនៃការចិញ្ចឹមត្រីទីឡាព៉្យាក្នុងបែ ដើម្បីជួយកសិករឱ្យសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុបានកាន់តែប្រសើរ។

ប្រភពពីគម្រោង ខាបហ្វីស អាក្វ័រខាល់ឆ័រ CaPFish-Aquaculture បានឱ្យដឹងនៅថ្ងៃឬី២៩ ខែឧសភា ឆ្នាំ២០២៥ថា ទស្សនៈកិច្ចសិក្សានេះធ្វើឡើងនៅកសិដ្ឋានរបស់លោក សឿន ឆាយ ស្ថិតក្នុង ស្រុកសូទ្រនិគម ដែលមានកសិករ ៣០រូប ចូលរួមសិក្សាពីវិធីការពារគ្រោះទឹកជំនន់ ការកែលម្អបច្ចេកទេសនៃការផ្ដល់ចំណីដោយផ្អែកលើសមត្ថភាពផ្ទុកនៃស្រះនីមួយៗ និងការអនុវត្តនានាលើការចិញ្ចឹមត្រីប្រកបដោយនិរន្តរភាព។

ទស្សនៈកិច្ចសិក្សាចំនួន៨ផ្សេងទៀត នឹងបន្តអនុវត្តក្នុងពេលឆាប់ៗនេះក្នុងខេត្តសៀមរាប កំពង់ធំ និង តាកែវ ក្រោមការគាំទ្រ គម្រោង CaPFish-Aquaculture។ គម្រោង ខាបហ្វីស អាក្វ័រខាល់ឆ័រ ប្តេជ្ញានាំមកនូវវារីវប្បកម្មប្រកបដោយចីរភាព និងបរិយាបន្ននៅកម្ពុជា៕

ដោយ៖ ណយ នឿន (ប្រភព៖CaPFish-Aquaculture)





