បទយកការណ៍៖ អ្នកជំនាញពិសេសខាងបោះខ្សែ បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្អាតរុក្ខជាតិនៅតាមប្រាសាទនានាក្នុងខេត្ដសៀមរាប
AKP សៀមរាប ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥--
ប្រាសាទបុរាណខ្មែរជាច្រើនត្រូវបានដូនតាខ្មែរ សាងសង់ឡើងនៅក្នុងទឹកដី នៃខេត្តសៀមរាប ប្រាសាទបុរាណទាំងនេះ ត្រូវបានធ្វើការអភិរក្ស និងថែទាំយ៉ាងយកចិត្តទុកបំផុត។ ជាមួយគ្នានេះ ការងារសម្អាតរុក្ខជាតិនៅតាមប្រាសាទ ជាការងារដ៏សំខាន់ក្នុងការថែទាំប្រាសាទ ដើម្បីរក្សាសោភណភាព និងការពារប្រាសាទឱ្យបានគង់វង្សស្ថិតស្ថេរយូរអង្វែង។
លោក ដម ដេង មានអាយុ៦៣ឆ្នាំ ជាអ្នកភូមិស្រះស្រង់ជើង នៃសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប បានឱ្យដឹងថា លោកបានចូលបម្រើការងារឱ្យអាជ្ញាធរជាតិអប្សរាតាំងតែពីឆ្នាំ២០០១មក។ បច្ចុប្បន្ន លោកបម្រើការក្នុងក្រុមព្រៃមន្ទីរ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា ផ្នែកសម្អាតរុក្ខជាតិនៅតាមប្រាសាទ។

ក្នុងភារកិច្ចជាអ្នកឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទនៅក្នុងរមណីយដ្ឋានអង្គរ លោក ដម ដេង មានភាពស្ទាត់ជំនាញខាងបោះខ្សែរំលងប្រាសាទមានកម្ពស់ជាង២០ម៉ែត្រ សម្រាប់ឱ្យក្រុមការងារសម្អាតអាចឡើងដោយតោងតាមខ្សែនេះ ទៅសម្អាតរុក្ខជាតិ និងស្មៅដែលដុះនៅតាមរួតនីមួយៗនៃកំពូលប្រាសាទឥដ្ឋនានារបស់រមណីយដ្ឋានអង្គរ។ លោក ដម ដេង បានបញ្ជាក់ថា ខ្សែប្រើក្នុងការងារឡើងសម្អាតរុក្ខជាតិនៅតាមប្រាសាទឥដ្ឋមាន៥ប្រភេទគឺ ទី១ ខ្សែសរសៃមីសួរ ដែលមានចងភ្ជាប់ដោយដុំសំណរប្រើសម្រាប់បោះរំលងប្រាសាទ។ ទី២ ខ្សែនីឡុងចងគោតូច ទី៣ ខ្សែនីឡុងចងគោធំ ទី៤ ខ្សែពួរកន្ទុយកណ្តុរតូច និងទី៥ ខ្សែពួរកន្ទុយកណ្តុរធំ។


ជាដំបូង លោកបោះខ្សែទី១រំលងប្រាសាទពីម្ខាងទៅម្ខាង បន្ទាប់មកភ្ជាប់ខ្សែទី១ និង២រហូតដល់ខ្សែទី៥ ដែលមានទំហំធំអាចឱ្យក្រុមការងារតោងឡើងតាមខ្សែពួរនោះបានដោយរលូន និងសុវត្ថិភាព។ លោកបញ្ជាក់ទៀតថា ការបោះខ្សែពួរទៀតសោត ក៏ត្រូវពិនិត្យមើលពីស្ថានភាពឥដ្ឋប្រាសាទដែលមានភាពរឹងមាំ មិនមានស្ថានភាពពុកផុយ ចៀសវាងទាក់ ឬដាច់ខ្សែ ហើយបោះទៅតាមទិសខ្យល់ដើម្បីបោះទៅឱ្យត្រូវគន្លងដែលចង់បាន។ លោកអះអាងថា បើបរិយាកាសស្ងប់ខ្យល់ គឺបោះតែមួយដងអាចចំគោលដៅតែម្តង។


លោក ដម ដេង បានឱ្យដឹងទៀតថា ជំនាញខាងបោះខ្សែរបស់លោកដំបូងឡើយ លោកគ្រាន់តែបោះខ្សែទាក់មែកឈើងាប់ៗ ដែលនៅលើដងផ្លូវ ដោយក្នុងបំណងទី១ យកមែកឈើងាប់ចេញចៀសវាងកុំឱ្យមែកឈើងាប់ធ្លាក់មកលើអ្នកធ្វើដំណើរ ទី២ គឺយកមែនឈើងាប់មកធ្វើអុស។ ប៉ុន្តែនៅពេលបោះខ្សែយូៗទៅ ក៏មានភាពស្ទាត់ជំនាញ ខណៈដែលការងារឡើងសម្អាតរុក្ខជាតិលើប្រាសាទជួបការលំបាក លោកក៏សម្រេចរៀបចំបោះខ្សែរំលងប្រាសាទមានកម្ពស់ជាង២០ម៉ែត្រ សម្រាប់ឱ្យក្រុមការងារសម្អាតអាចឡើងដោយតោងតាមខ្សែនេះ ទៅសម្អាតរុក្ខជាតិ ដោយជោគជ័យ និងបានអនុវត្តរហូតមកដល់បច្ចុប្បន្ននេះ។

ពាក់ព័ន្ធនឹងការងារនេះដែរ លោក ងិន ធី អ្នកគ្រប់គ្រងការងារសម្អាតរុក្ខជាតិនៅតាមប្រាសាទបានពន្យល់ថា ការងារសម្អាតរុក្ខជាតិតាមប្រាសាទ ពិតជាត្រូវការអ្នកជំនាញខាងបោះខ្សែជាចាំបាច់ ព្រោះថាតួប្រាសាទឥដ្ឋមួយចំនួនក្នុងរមណីយដ្ឋានអង្គរមានកម្ពស់ខ្ពស់ៗ ខ្លះមានប្រវែងជាង២០ម៉ែត្រ ដែលមិនអាចឱ្យប្រើរន្ទារបានទេ។ អ្នកគ្រប់គ្រងដដែលបានលើកឡើងថា ប្រាសាទដែលត្រូវបោះខ្សែក្នុងពេលឡើងសម្អាត មានដូចជាប្រាសាទប្រែរូប ប្រាសាទមេបុណ្យខាងកើត ប្រាសាទបក្សីចាំក្រុង និងប្រាសាទក្នុងតំបន់រលួស។


បើតាមលោក ងិន ធី ប្រាសាទឥដ្ឋដែលពិបាកបោះខ្សែដើម្បីឡើងទៅសម្អាត មានប្រាសាទប្រែរូប ប្រាសាទមេបុណ្យខាងកើត ដោយសារតែកំពូលធ្វើពីឥដ្ឋមានភាពរលុះ បាក់បែក ពេលបោះទៅខ្សែអាចកៀបនៅតាមកន្លៀតឥដ្ឋ ដែលនឹងអាចដាច់ខ្សែផង។ លោកបានសង្កត់ធ្ងន់ថា៖ «ការងារសម្អាតរុក្ខជាតិនៅតាមប្រាសាទនេះ ពិតជាមានសារៈសំខាន់ ហើយក៏ជួបការលំបាក់ច្រើនណាស់ដែរ ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ច្រើនថ្មីប្រាសាទមានស្លែ រអិលខ្លាំង ប៉ុន្តែក្រុមងារត្រូវតែធ្វើដោយមានការប្រុងប្រយ័ត្នជានិច្ច»។
ជាមួយគ្នានេះដែរលោក ងិន ធី បានអះអាងផងដែរថា ការងារសម្អាតរុក្ខជាតិនៅលើប្រាសាទនេះ សម្រាប់ប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ធ្វើការសម្អាតក្នុង១ខែម្តង សម្រាប់ប្រាសាទផ្សេងៗធ្វើក្នុង១ខែកន្លេះម្តង៕
ដោយ៖ ឃុត សៅ





