លោកជំទាវ ញ៉ែម មរកត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញសាឡន (Beauty salon)
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ -- លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាប័ត្រដល់សិស្សចំនួន ១៥០នាក់ ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញសាឡន ផាត់មុខ ធ្វើសក់ ធ្វើក្រចក។ល។

លោក ទេព ពិសិដ្ឋ អគ្គនាយក និងលោកស្រី ងួន ស៊ាង អគ្គនាយិការបស់ក្រុមហ៊ុន ប៊ីយូធីស្ទរ Beauty Store បានបញ្ជាក់ថា ក្រុមហ៊ុនមានហាងសាឡនចំនួន ១០ នៅតាមរាជធានីខេត្ត នេះជាការប្រគល់សញ្ញាបត្រលើកទី៩។ រយៈពេល១ឆ្នាំៗ ក្រុមហ៊ុនបានបណ្តុះបណ្តាលសិស្សបានចំនួន១៦២នាក់ ក្នុង១វគ្គៗ សិស្សដែលមានការខ្វះខាតក្រុមហ៊ុនក៏បានរៀបចំកន្លែងស្នាក់នៅជូនពួកគាត់ ជាពិសេសក្រុមហ៊ុនបានផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រផងដែរ។ សិស្សមករៀនសាឡនមកពីបណ្តារាជធានីខេត្ត សមាភាពជាអ្នកធ្វើការជាម្ចាស់ហាង ដែលចង់ចេះជំនាញបន្ថែម និងមួយចំនួនទៀតមិនដែលរៀនពីមុនមកទេ ក្រោយរៀនចប់ ពួកគាត់ក៏អាចយកជំនាញនេះចូលធ្វើការនៅតាមបណ្តាសាខារបស់ហាងប៊ីយូធីស្ទរតាមបណ្តារាជធានីខេត្ត ឬហាងសាឡន សំអាងការ កន្លែងផ្សេងទៀតតាមចំណង់ចំណូលចិត្តរបស់គាត់។

ក្នុងឱកាសនេះ លោកជំទាវរដ្ឋលេខាធិការបានពាំនាំការសាកសួរសុខទុក្ខពីលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងជម្រាបជូនអង្គពិធីពីគោលនយោបាយរបស់ក្រសួងកិច្ចការនារីក្នុងការលើកកម្ពស់ និងជំរុញឱ្យក្មេងស្រី ស្ត្រីខិតខំរៀនសូត្រ រៀនជំនាញដើម្បីប្រកបមុខរបរ រកការងារធ្វើក្នុងស្រុកងាយស្រួលនៅជិតក្រុមគ្រួសារកូនចៅ សូមកុំជឿមេខ្យល់ដែលបោកប្រាស់នាំយកទៅលក់ ឬធ្វើការនៅក្រៅប្រទេសខុសច្បាប់ ដែលបង្កហានិភ័យដល់ខ្លួនឯង និងក្រុមគ្រួសារ បើចង់ចេញទៅក្រៅប្រទេសត្រូវចេញដោយស្របច្បាប់តាមរយៈក្រសួងការងារ ឬរៀបការដែលមានការធានាត្រឹមត្រូវ។

លោកជំទាវរដ្ឋលេខាធិការបានណែនាំបន្ថែមថា៖ ទី១. បងប្អូនមានចំណេះមានជំនាញក៏ត្រូវមានសីលធម៌ សុជីវធម៌ គុណធម៌ ចៀសវាងប្រើប្រព័ន្ធសង្គមខមិនប៉ះពាល់ដល់អ្នកដទៃ កុំបង្ហោះជេរបញ្ចោ ប្រើពាក្យអាសអាភាស ដែលអាចធ្វើឲ្យមានបញ្ហាដល់ខ្លួនផ្ទាល់ និងប៉ះពាល់ដល់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ដែលមានលោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធានគណៈកម្មាធិការជាតិ។ ទី២. កុំប្រើហិង្សាក្នុងគ្រួសារ ឬបង្កររបួសស្នាមដល់ដៃគូរ និងភាគីផ្សេងទៀត ដែលទង្វើខាងលើផ្ទុយនឹងច្បាប់ ហើយអាចមានទោស ប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ ប៉ះពាល់ដល់មុខរបរ និងការងារ។ ទី៣. បើមានឱកាសត្រូវខិតខំរៀនជំនាញផ្សេងៗបន្ថែមទៀតឱ្យលើសពី១ជំនាញដើម្បីតម្រូវតាមទីផ្សារ និងចំណង់ចំណូលចិត្តរបស់ភ្ញៀវ។ ជំនាញសាឡន សំអាងការ បានជួយលើកមុខមាត់ប្រទេសជាតិច្រើន ដោយយើងបានតុបតែងខ្លួនដល់ភ្ញៀវឱ្យមានសម្លៀកបំពាក់ មុខមាត់ ម៉ូតសក់ស្រស់ស្អាត បង្ហាញនូវវប្បធម៌ប្រពៃណី អត្តសញ្ញាណខ្មែរដល់បរទេសបានស្គាល់ពីយើង និងពីភាពរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសលោកជំទាវស្នើឱ្យបង្រៀនបន្ថែមការកាត់អ៊ុតធ្វើម៉ូតសក់សម្រាប់មនុស្សវ័យចំណាស់ផងដែរ កុំផ្តោតទៅលើតែយុវវ័យ ព្រោះមនុស្សចាស់ក៌ត្រូវតុបតែងខ្លួនដូចគ្នា លោកជំទាវក៏បានកោតសរសើរដល់សិស្សទាំងអស់ដែលតុបតែងសក់មុខមាត់ ស្លៀកសម្លៀកបំពាក់បានស្អាតបាតគ្រប់ៗគ្នា លោកជំទាវថ្លែងថា នេះជាឆ្នាំទី៣ហើយ ដែលលោកជំទាវកិត្តិបណ្ដិតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី អនុញ្ញាតឱ្យលោកជំទាវមកចូលរួមលើកទឹកចិត្តគាំទ្រនិងប្រគល់សញ្ញាបត្រដល់សិស្សរៀនជំនាញសាឡនតាមការអញ្ជើញរបស់ក្រុមហ៊ុនប៊ីយូធីស្ទរ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកិច្ចការនារី)





