បញ្ជាការដ្ឋានយោធភូមិភាគពិសេសបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសរុករកសង្គ្រោះគ្រោះមហន្តរាយលេខ៧០៦ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសរុករកសង្គ្រោះគ្រោះមហន្តរាយ លេខ៧០៦ ឆ្នាំ២០២៥ របស់យោធភូមិភាគពិសេស កងទ័ពជើងគោក នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។

ឧត្តមសេនីយ៍ត្រី ព្រំ ហៀង នាយសេនាធិការរង យោធភូមិភាគពិសេស បានអានរបាយការណ៍បញ្ចប់វគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសរុករកសង្គ្រោះគ្រោះមហន្តរាយលេខ៧០៦ របស់យោធភូមិភាគពិសេស ឆ្នាំ២០២៥ សិក្ខាកាម១២០ នាក់ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ដែលបានហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសរុករកសង្គ្រោះគ្រោះមហន្តរាយកន្លងមក ត្រូវយកចិត្ដទុកដាក់ បង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែស្ទាត់ជំនាញ ដើម្បីរួមចំណែកកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ក្នុងបុព្វហេតុពង្រឹងខឿនការពារជាតិ។ ត្រូវស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ និងបូរណភាពទឹកដី។ ត្រូវគោរពឱ្យបានដាច់ខាតនូវវិន័យ របស់កងយោធពលខេមរភូមិន្ទ បទបញ្ជា សារាចរ សេចក្តីណែនាំ របស់ថ្នាក់លើ ក្រឹត្យច្បាប់របស់រដ្ឋ ត្រូវមានសីលធម៌ល្អ អត្តចរិកស្លូតបូត សុភាពរាបសារ ម៉ឺងម៉ាត់សមស្របជាកងយោធពលខេមរភូមិន្ទ និងជាអ្នកបន្តវេនដ៏ល្អ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ បានប្រគល់លិខិតបញ្ជាក់ការសិក្សាជូនដល់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ ៧០៦ និងក្រើនរំលឹកដល់សិក្ខាកាម ក្នុងវគ្គហ្វឹកហ្វឺនបំប៉នជំនាញបច្ចេកទេសរុករកសង្គ្រោះគ្រោះមហន្តរាយលេខ៧០៦នេះ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យមានផលប៉ះពាល់ដល់កិត្តិយស កងយោធពលខេមរភូមិមិន្ទ។ ត្រូវបន្តរក្សាអនាម័យឱ្យបានល្អ ដើម្បីរួមចំណែកក្នុងការទប់ស្កាត់ និងបង្ការជំងឺឆ្លងផ្សេងៗ តាម ការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ឱ្យបានត្រឹមត្រូវ៕

ដោយ សំ សាម៉ន (ប្រភព៖ កងទ័ពជើងគោក)





