អនុរដ្ឋមន្ត្រីកូរ៉េខាងជើង និងរុស្ស៊ីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា អនុរដ្ឋមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសកូរ៉េខាងជើង និងក្រសួងមហាផ្ទៃរបស់ប្រទេសរុស្ស៊ីបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ អំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងព្យុងយ៉ាង។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថាកិច្ចចរចាត្រូវបានធ្វើឡើងកាលពីថ្ងៃមុននៅក្នុងរដ្ឋធានីនៃប្រទេសកូរ៉េខាងជើងរវាងអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈ លោក រី សុងឆុល (Ri Song-chol) និងអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក វីតាលី ស៊ូលីកា (Vitaly Shulika) ដោយមានការចូលរួមពីមន្ត្រីមកពីក្រសួងទាំងពីរ។
ទីភ្នាក់ងារ KCNA បាននិយាយថា «ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាបញ្ហាដើម្បីពង្រីក និងអភិវឌ្ឍការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសុវត្ថិភាពរបស់ប្រទេសទាំងពីរត្រូវបានពិភាក្សា… ក្នុងបរិយាកាសនៃមិត្តភាព»។
គណៈប្រតិភូមកពីក្រសួងមហាផ្ទៃរបស់រុស្ស៊ីដឹកនាំដោយលោក ស៊ូលីកា បានទៅដល់ទីក្រុងព្យុងយ៉ាងកាលពីថ្ងៃចន្ទ។ នេះបើយោងតាមរបាយការណ៍មុនរបស់ KCNA ។
ទីភ្នាក់ងារ KCNA បាននិយាយថា កាលពីថ្ងៃពុធ លោក ស៊ូលីកា និងគណៈប្រតិភូរបស់លោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់កូរ៉េខាងជើង លោក ប៉ាង ទូស៊ុប (Pang Tu-sop) អមដោយឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង លោក អាឡិចសាន់ដឺ ម៉ាតសេហ្គោរ៉ា (Alexandr Matsegora)។
ទីភ្នាក់ងារ KCNA បាននិយាយថា គណៈប្រតិភូក៏បានធ្វើទស្សនកិច្ចទៅកាន់កន្លែងផ្សេងៗក្នុងរដ្ឋធានី រួមទាំងអគារ Juche និងប្រព័ន្ធរថភ្លើងក្រោមដីផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





