អាស៊ែបៃហ្សង់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រទេសតួកគី និងប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ -- ទីភ្នាក់ងារសារព័ត៌មានAZERTAC រាយការណ៍ថា
ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក អ៊ីលហាម អាលីយ៉េវ (Ilham Aliyev)ប្រធានាធិបតីតួកគី លោក រេសិប តាយយីប អឺដូហ្គាន់ (Recep Tayyip Erdogan) និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេហ៍បាហ្ស សារីហ្វ (Shehbaz Sharif) បានជួបប្រជុំកាលពីថ្ងៃពុធ នៅទីក្រុងឡាជីន នៃប្រទេសអាស៊ែបៃហ្សង់ សម្រាប់កិច្ចប្រជុំកំពូលត្រីភាគីដែលស្របគ្នានឹងថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសអាស៊ែបៃហ្សង់ និងពិធីសម្ពោធព្រលានយន្តហោះអន្តរជាតិ Lachin ។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សានេះ មេដឹកនាំទាំងបីបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងវិស័យពាណិជ្ជកម្ម ការដឹកជញ្ជូន ថាមពល និងវិស័យការពារជាតិ។
ប្រទេសអាស៊ែបៃហ្សង់បានសន្យាវិនិយោគសំខាន់ៗដល់ប្រទេសប៉ាគីស្ថានក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី និងពង្រឹងការតភ្ជាប់។ ប្រទេសតួកគីបានសង្កត់ធ្ងន់លើតួនាទីរបស់ខ្លួនក្នុងការអភិវឌ្ឍច្រករបៀងដឹកជញ្ជូនក្នុងតំបន់ដែលតភ្ជាប់រវាងប្រទេសទាំងបី ជំរុញសមាហរណកម្មសេដ្ឋកិច្ច និងសម្រួលដល់ការផ្លាស់ទីទំនិញ និងប្រជាជនកាន់តែងាយស្រួល។
កិច្ចប្រជុំកំពូលក៏បានផ្តោតទៅលើការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដោយភាគីទាំងអស់បង្ហាញការគាំទ្រចំពោះគំនិតផ្តួចផ្តើមពហុភាគី ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់។ មេដឹកនាំបានគូសបញ្ជាក់ពីជំហររួបរួមរបស់ពួកគេចំពោះជម្លោះក្នុងតំបន់ ដោយអំពាវនាវឱ្យមានការសន្ទនាដោយសន្តិវិធី និងគោរពអធិបតេយ្យភាព។
មេដឹកនាំទាំងបីបានយល់ព្រមពង្រឹងភាពជាដៃគូជាមួយកិច្ចប្រជុំកំពូលទៀងទាត់ និងគម្រោងរួមគ្នា។ កិច្ចប្រជុំនេះបានកត់សម្គាល់ជាកិច្ចប្រជុំកំពូលត្រីភាគីលើកទី២ ក្នុងចំណោមប្រទេសទាំងបី បន្ទាប់ពីសម័យប្រជុំសម្ពោធដែលបានធ្វើឡើងនៅទីក្រុងអាស្ដាណា ក្នុងខែកក្កដា ឆ្នាំ២០២៤៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





