ឡាវ និងចិនពង្រឹងទំនាក់ទំនងដើម្បីជំរុញការព្យាបាលជំងឺសរសៃឈាមបេះដូង
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ -- មន្ទីរពេទ្យ Mahosot របស់ប្រទេសឡាវ និងមន្ទីរពេទ្យ Fuwai Cardiovascular Hospital ក្នុងខេត្តយ៉ុនណាន ប្រទេសចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើនគុណភាពនៃការថែទាំសុខភាព ការព្យាបាលអ្នកជំងឺ និងសេវាវេជ្ជសាស្រ្ត ជាពិសេសក្នុងវិស័យថែទាំសរសៃឈាមបេះដូង។
យោងតាមវិទ្យុជាតិឡាវបានរាយការណ៍កាលពីថ្ងៃអង្គារថា ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ និងមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលឡាវ លោក បួនហ្វេង ភូមិម៉ាឡាយសិទ្ធ (Bounfeng Phoummalaysith) រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់មកពីភាគីទាំងពីរ។
ថ្លែងក្នុងពិធីនោះ អគ្គនាយកមន្ទីរពេទ្យ Mahosot លោក ស៊ូសាត វង្សប្រាចាញ់ (Souxath Vongphachanh) បានសង្កត់ធ្ងន់ថា ភាពជាដៃគូមានគោលបំណងលើកកម្ពស់សេវាវេជ្ជសាស្រ្ត ជាពិសេសក្នុងការព្យាបាលអ្នកជំងឺ ការការពារជំងឺ និងការស្រាវជ្រាវ ជាពិសេសការវះកាត់បេះដូងកុមារនិងប្តូរបេះដូងដល់កុមារដែលមានជំងឺពីកំណើត។
លោកបានកត់សម្គាល់ថា កិច្ចសហការនេះធ្វើឲ្យទំនាក់ទំនងទ្វេភាគីរវាងប្រទេសឡាវ និងចិនកាន់តែស៊ីជម្រៅក្នុងការជំរុញសុខភាពសាធារណៈនិងការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ។ ភាពជាដៃគូនេះក៏នឹងពង្រីកទៅផ្នែកជាច្រើនដូចជា ការអភិវឌ្ឍធនធានមនុស្ស ឧបករណ៍វេជ្ជសាស្ត្រ និងការផ្គត់ផ្គង់ថែទាំសុខភាព។
លោក ស៊ូសាត បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋាភិបាលចិន និងមន្ទីរពេទ្យសរសៃឈាមបេះដូង Fuwai សម្រាប់ការគាំទ្រជាបន្តបន្ទាប់ ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍការថែទាំសរសៃឈាមបេះដូងនៅក្នុងប្រទេសឡាវ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





