រដ្ឋមន្ដ្រីការបរទេសអាឡឺម៉ង់៖ ការបដិសេធចំពោះអាហារ និងថ្នាំពេទ្យនៅតំបន់ហ្គាហ្សាគឺមិនអាចទទួលយកបាន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ចូហាន់ វ៉ាដេភូល (Johann Wadephul) កាលពីថ្ងៃអង្គារបានរិះគន់សកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយលោកបានសង្កត់ធ្ងន់ថា អាល្លឺម៉ង់នឹងមិនចុះចាញ់នឹងសម្ពាធនយោបាយ ឬត្រូវបានបង្ខំឱ្យមានសាមគ្គីភាពនោះទេ។
ថ្លែងនៅឯវេទិកា WDR Europaforum ក្នុងទីក្រុងប៊ែកឡាំង លោក វ៉ាដេភូល បានពណ៌នាពីការបដិសេធការផ្គត់ផ្គង់សំខាន់ៗដូចជាអាហារ និងថ្នាំពេទ្យដល់ប្រជាជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សាថា «មិនអាចទទួលយកបានទាំងស្រុង»។
ការអត្ថាធិប្បាយរបស់លោកបានកើតឡើងមួយថ្ងៃបន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រេដរីច មឺហ្ស (Friedrich Merz) បង្កើនការរិះគន់លើយុទ្ធនាការយោធារបស់អ៊ីស្រាអែល។ ថ្លែងនៅក្នុងវេទិកាដូចគ្នាកាលពីថ្ងៃចន្ទលោក មឺហ្ស បាននិយាយថា លោក «មិនយល់» ពីគោលបំណងនៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់នោះទេ។
ផ្អែកលើការកត់សម្គាល់របស់លោក មឺហ្ស លោក វ៉ាដេភូល បានអះអាងថា សកម្មភាពយោធារបស់កងទ័ពអ៊ីស្រាអែលបានលើសពីដែនកំណត់នៃសមាមាត្រនៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស់។
នៅពេលត្រូវបានសួរថាតើអាល្លឺម៉ង់នឹងបន្តផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែលដែរឬទេ លោក វ៉ាដេភូល បាននិយាយថា ទីក្រុងប៊ែកឡាំងនឹងធ្វើសកម្មភាពគ្រប់ទីកន្លែងដែលមានហានិភ័យនៃច្បាប់មនុស្សធម៌អន្តរជាតិត្រូវបានរំលោភ ដោយលោកបានបន្ថែមថា នៅក្នុងករណីបែបនេះ យើងនឹង«មិនអាចផ្គត់ផ្គង់អាវុធនោះទេ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ





