ឥណ្ឌូណេស៊ី និងបារាំងពង្រឹងទំនាក់ទំនងក្នុងអំឡុងទស្សនកិច្ចរបស់លោក ម៉ាក្រុន
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ -- ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីអានតូ (Prabowo Subianto) កាលពីថ្ងៃពុធ បានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីបារាំង លោក អេមម៉ានូអែល ម៉ាក្រុន (Emmanuel Macron) ក្នុងទីក្រុងហ្សាការតាសម្រាប់កិច្ចពិភាក្សាកម្រិតកំពូលដែលគ្របដណ្តប់លើវិស័យសំខាន់ៗដូចជា វិស័យការពារជាតិថាមពល សេដ្ឋកិច្ច ការវិនិយោគ ការអប់រំ និងការដឹកជញ្ជូន។
លោក ប្រាបូវ៉ូ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេថា «ថ្ងៃនេះ យើងបានយល់ព្រមដើម្បីឈានទៅមុខបន្ថែមទៀតដោយអនុម័តចក្ខុវិស័យរួមមួយឆ្ពោះទៅរកខួបលើកទី១០០ នៃទំនាក់ទំនងឥណ្ឌូនេស៊ី-បារាំងនៅឆ្នាំ២០៥០»។
ក្នុងវិស័យការពារជាតិ ប្រទេសទាំងពីរបានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ រួមទាំងកិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពធនធានមនុស្ស។ លើវិស័យសេដ្ឋកិច្ច មេដឹកនាំទាំងពីរបានសម្តែងការគាំទ្រសម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគដែលមានតុល្យភាពបន្ថែមទៀត។
លោក ប្រាបូវ៉ូ បាននិយាយថា «នៅក្នុងវិស័យផ្សេងៗ ទំនាក់ទំនងរបស់យើងកាន់តែរឹងមាំ ជាពិសេសក្នុងការផ្លាស់ប្តូរថាមពល សន្តិសុខស្បៀងកម្មវិធីអាហារបំប៉នដោយឥតគិតថ្លៃ និងកិច្ចការសមុទ្រ»។ លោកបានបន្ថែមថា ទំនាក់ទំនងទ្វេភាគីក៏បានធ្វើឲ្យប្រសើរឡើងផងដែរក្នុងវិស័យវប្បធម៌សេដ្ឋកិច្ចច្នៃប្រឌិត ការដឹកជញ្ជូន និងការអប់រំ។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកសារកិច្ចសហប្រតិបត្តិការសរុបចំនួន២១ច្បាប់ត្រូវបានចុះហត្ថលេខាដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏រឹងមាំចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី។ កិច្ចព្រមព្រៀងទាំងនេះមានទម្រង់ផ្សេងៗគ្នាគ្របដណ្តប់លើវិស័យដូចជា វិស័យការពារជាតិ កសិកម្ម រ៉ែសំខាន់ៗព្រៃឈើប្រកបដោយនិរន្តរភាព ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ការដឹកជញ្ជូន និងកីឡា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





