ថវិកា២៧០លានរៀលទទួលបានពី «យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា
AKP កំពង់ចាម ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥--
ក្នុងការឆ្លើយតបទៅនឹងការអំពាវនាវការកៀរគររកមូលនិធិដើម្បីមូលនិធិគន្ធបុប្ផាកម្ពុជា មានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាស្ថាបនិក និងមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយស ដើម្បីចូលរួមចំណែកក្នុងការធានាបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដែលមានបេសកកម្មដ៏សំខាន់ក្នុងការពិនិត្យ និងព្យាបាលកុមារនៅកម្ពុជាដោយឥតគិតថ្លៃ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តបានរៀបចំពិធីប្រគល់ទទួលថវិកាពីមន្ត្រីរាជការ និងសប្បុរសជនក្នុងខេត្ត ដើម្បីគាំទ្រមន្ទីរពេទ្យគន្ធបុប្ផា។

ពិធីនេះបានធ្វើឡើងនៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម។

បើតាមលោក គ្រុយ ខន ប្រធានការិយាល័យគណនេយ្យសាលាខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងពិធីប្រគល់ទទួលថវិកានៃ «យុទ្ធនាការ១ម៉ឺនរៀល មួយម៉ឺននាក់» ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផានាឱកាសនេះ គឺរដ្ឋបាលខេត្តទទួលបានថវិកាសរុបចំនួន២៧០លានរៀល ៕

ដោយ ឆាយ ម៉ុត





