វត្តដំណាក់ ក្រុងសៀមរាប ប្រារព្ធពិធីបុណ្យវិសាខបូជា ដោយមានការដង្ហែរក្បួននៅតាមដងផ្លូវសំខាន់ៗក្នុងក្រុង
AKP សៀមរាប ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ -- វត្តដំណាក់ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានប្រារព្ធកម្មវិធីបុណ្យវិសាខបូជា ព.ស. ២៥៦៩ ឈានចូល ព.ស. ២៥៧០ មានលក្ខណដ៏ឱឡារឹក ដើម្បី រម្លឹក ដល់ ព្រឹត្តិការណ៍ ដ៏ ពិសេស ចំនួន ៣ ដែល ទាក់ទង នឹង ព្រះ ស មា្ម សម្ពុទ្ធ ។ ព្រឹត្តិការណ៍ ទាំងនោះ គឺការ ប្រសូត ការ ត្រាស់ដឹង ការចូល និព្វាន ។

ព្រះធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់បានមានសង្ឃដីកាថា បុណ្យវិសាខបូជា គឺជា បុណ្យ ដ៏ ធំ មួយក្នុង ព្រះពុទ្ធសាសនា ដែល ប្រទេស កម្ពុជាបាន ចាត់ទុកជា បុណ្យជាតិ ។ ជាងនេះទៀត ប្រទេស ជិត ២០០ ដែលជា សមាជិក នៃ អង្គការសហប្រជាជាតិ បានអនុម័ត និង ទទួលស្គាល់វិសាខបូជាជា បុណ្យ អន្តរជាតិកាលពី ឆ្នាំ ១៩៩៩។

សម្រាប់វត្តដំណាក់ នៅក្នុងកម្មវិធីបុណ្យនេះដែរ ក៏មានកម្មវិធីចម្រើនព្រះបរិត្ត និងសំដែងធម៌ទេសនា ពិធីរាប់បាត្រព្រះសង្ឃចំនួន ១៧០អង្គក្នុងពេលព្រឹក និងនៅពេលរសៀលមានដង្ហែក្បួនវិសាខបូជាទៅតាមដងវិថីនានាក្នុងក្រុងសៀមរាប ក្នុងគោលបំណងញ៉ាំងសទ្ធារបស់បរិស័ទដែលនៅតាមគេហដ្ឋានឱ្យបានជ្រះថ្លារីករាយក្នុងកម្មវិធីបុណ្យនេះផង និងដើម្បីជាការបង្ហាញដល់ភ្ញៀវជាតិអន្តរជាតិឱ្យបានឃើញ បានដឹង និងបានយល់ពីវប្បធម៌ប្រពៃណីព្រះពុទ្ធសាសនាខ្មែរយើងឱ្យបានទូលំទូលាយផង ។

បន្ទាប់ពីចប់ចូលដល់វត្តវិញ នឹងមានពិធីប្រកាសវិសាខបូជា ពុទ្ធាពិសេក បូជាប្រទីប ២.៥៧០ដួងចំពោះគុណព្រះរតនត្រ័យ និងមានការសំដែងធម៌ទេសនា ការសន្ទានាធម៌ និងការសូត្រធម៌បទផ្សេងៗរហូតដល់ភ្លឺ ។ ក្រៅពីការគោរព និងបូជាគុណព្រះសម្មាសម្ពុទ្ធជាម្ចាស់ ការប្រារព្ធបុណ្យវិសាខបូជានេះ ក៏ដើម្បីសេចក្តីសុខសេចក្តីចម្រើន និងសុខសន្តិភាពដល់ព្រះរាជាណាចក្រកម្ពុជា និងដើម្បីឧទ្ទិសកុសលផលបុណ្យដល់ញាតិក្នុងសង្សារវដ្ដ ព្រមទាំងវីរៈកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ គ្រប់កម្មវិធីទាំងអស់បានប្រព្រឹត្តទៅប្រកបដោយភាពសោមនស្សរីករាយក្រៃលែង និងមានញាតិញោមពុទ្ធបរិស័ទចូលរួមយ៉ាងឱឡារឹកគួរជាទីជ្រះថ្លាក្នុងចិត្ត។

សូមបញ្ជាក់ថា ព្រះ ស មា្ម សម្ពុទ្ធ ព្រះអង្គទ្រង់ ប្រសូតនៅ ថ្ងៃ សុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច មុន គ្រិស្តសករាជ ចំនួន ៦២៣ឆ្នាំ ។ នៅពេល មាន ព្រះជន្ម ២៩ ព្រះវស្សា ព្រះ សិទ្ធត្ថ បាន យាង ទៅ សាង ផ្នួស ។
ព្រះអង្គទ្រង់ត្រាស់ដឹង ក្រោយពី ក្លាយខ្លួនជា អ្នកបួស អស់ រយៈពេល ៦ ឆ្នាំ ព្រះអង្គ ក៏បាន ត្រាស់ដឹងកា្ល យ ជា ព្រះពុទ្ធ នៅ ថ្ងៃ ពុធ ពេញបូណ៌មី ខែវិសាខ ឆ្នាំរកា នា វេលា ទៀបភ្លឺ ។

ព្រះ បរមគ្រូ នៃ យើង ទ្រង់ ចូល បរិនិព្វាននៅ ថ្ងៃ អង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់ នៅពេលដែល ព្រះអង្គ មាន ព្រះជន្ម ៨០ព្រះវស្សា ។ រហូតមកដល់ ពេលនេះ ព្រះ សក្យមុនីបាន រលត់ សង្ខារ អស់ រយៈពេល ២.៥៦១ ឆ្នាំ ហើយ ។
យើង សង្កេតឃើញថា ព្រះ សាស្តា ទ្រង់ ប្រសូត ត្រាស់ដឹង និង បរិនិព្វាន ក្នុង ថ្ងៃ ១៥ កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺ ខុស តែ ឆ្នាំ ប៉ុណ្ណោះ ។ ដូច្នេះ បុណ្យ វិសាខបូជា គឺ តំណាង ឲ្យ « ថ្ងៃ ទាំងបី » នេះ ឯ ឯ ៕
ដោយ៖ ឃុត សៅ





