រយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរាបានជួយសង្គ្រោះប្រាសាទបុរាណជាច្រើន និងធ្វើឱ្យតំបន់អង្គរមានតម្លៃលេចធ្លោ
AKP សៀមរាប ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥--
លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា នៅក្នុងបទបង្ហាញអំពីសមិទ្ធផលសំខាន់ៗនៅក្នុងរមណីយដ្ឋានអង្គរ រយៈពេល៣០ឆ្នាំដល់ក្រុមអ្នកសារព័ត៌មាន និងទីភ្នាក់ងារទេសចរណ៍ សមាគមទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ប្រមាណជិត៦០នាក់ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថា ចាប់តាំងពីសង្គ្រាមស៊ីវិលបានផុតរលត់នៅក្នុងប្រទេសកម្ពុជាមក ក្នុងរយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរាបានប្រឹងប្រែងយ៉ាងខ្លាំង ដែលមិនត្រឹមតែធ្វើឱ្យអង្គរបានរួចផុតពីគ្រោះថ្នាក់ប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យតំបន់អង្គរមានតម្លៃលេចធ្លោនិងបរិស្ថានធម្មជាតិមានសោភ័ណភាពស្រស់បំព្រងផងដែរ។

លោកបន្តថា ក្នុងរយៈពេល៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរាបានជួយសង្គ្រោះប្រាសាទបុរាណជាច្រើនដែលខូចខាត ប្រឈមនឹងគ្រោះថ្នាក់ឱ្យប្រែក្លាយទៅជារឹងមាំឡើងវិញ តាមរយៈការជួសជុល។ រហូតមកដល់បច្ចុប្បន្ននេះ ការងារជួសជុលប្រាសាទបុរាណនៅតែបន្ត ដោយសារតែប្រាសាទបុរាណជាច្រើនមានអាយុកាលចាស់ ទ្រុឌទ្រោម ហើយថ្មកើតជំងឺ និងត្រូវការព្យាបាលផងដែរ។ ក្នុងរយៈ៣០ឆ្នាំមកនេះ អាជ្ញាធរជាតិអប្សរាបានធ្វើកិច្ចការជាច្រើន គឺក្រៅតែពីការជួលជុលប្រាសាទបុរាណ ក៏បានប្រឹងប្រែងកែប្រែទេសភាពវប្បធម៌ នៅក្នុងតំបន់អង្គរ ឱ្យមានភាពបៃតង ដោយក្នុង រយៈពេលជាច្រើនឆ្នាំមកនេះ គឺអាជ្ញាធរបានដាំកូនឈើនៅក្នុងតំបន់អង្គរចំនួនជាង២លានដើម។ បន្ថែមលើនេះ អាជ្ញាធរជាតិអប្សរាបានលើកកម្ពស់ជីវភាពពលរដ្ឋ ដែលរស់នៅក្នុងតំបន់អង្គរ ឱ្យមានជីវភាពសមរម្យ តាមរយៈការសាងសង់ផ្លូវថ្នល់ជាច្រើនខ្សែ ការស្ដារ និងពង្រីកប្រព័ន្ធធារាសាស្ត្រសម័យបុរាណ ដោយនាំទឹកមកការពារតំបន់អង្គរផង ផ្ដល់ទឹកឱ្យប្រជាពលរដ្ឋអាចយកទៅស្រោចស្រពវិស័យកសិកម្មផងនិងទីក្រុងអាចយកទឹកទៅប្រើប្រាស់ផង។

លោក ឡុង កុសល យល់ថា ការប្រឹងប្រែងរបស់អាជ្ញាធរជាតិអប្សរា ក្នុងការងារគ្រប់គ្រង និងថែរក្សាតំបន់អង្គរក្នុងរយៈពេល៣០ឆ្នាំមកនេះ បានធ្វើឱ្យតម្លៃអង្គរមានភាពលលេចធ្លោឡើងយ៉ាងខ្លាំង។ តម្លៃលេចធ្លោនេះជាសក្ដានុពលធ្វើឱ្យវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប មិនអាចកាត់ផ្ដាច់ចេញពីតំបន់អង្គរបានទេ។

ទន្ទឹមនឹងនេះ លោក សែត កៅ ប្រធានសមាគមក្លឹបទេសចរណ៍ បានយល់ថា តំបន់អង្គរគឺជាសសរទ្រូងនៃវិស័យទេសចរណ៍ប្រមាណ៧០ភាគរយ ដោយបានជួយដល់សេដ្ឋកិច្ចរបស់ខេត្តសៀមរាប។ អង្គរគឺប្រៀបបានអណ្ដូងដែលមានទឹកជាមាសមិនចេះរីងស្ងួត និងបានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រូបរួមគ្នាថែរក្សាអណ្ដូង ដែលមានទឹកមាសមិនចេះរីងស្ងួតនេះ ដើម្បីឱ្យវិស័យទេសចរណ៍អាចដងយកទៅបម្រើឱ្យវិស័យសេដ្ឋកិច្ចរបស់ជាតិបានប្រសើរឡើង៕
ដោយ ឃុត សៅ





