ខេត្តបន្ទាយមានជ័យជំរុញបណ្ដុះបណ្ដាលកិច្ចការរដ្ឋបាល និងបណ្ណសារ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកវគ្គបណ្ដុះបណ្ដាលស្ដីពី "កិច្ចការរដ្ឋបាល និងបណ្ណសារ" ដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង ៩ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ ដោយពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃពុធ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនេះ គឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការដែលទទួលបន្ទុកកិច្ចការរដ្ឋបាល និងបណ្ណសារ ឱ្យយល់កាន់តែស៊ីជម្រៅអំពីគោលការណ៍ នីតិវិធី និងបច្ចេកទេសត្រឹមត្រូវក្នុងការគ្រប់គ្រងឯកសារ ចំណាត់ថ្នាក់ឯកសារ ការរក្សាទុក និងការប្រើប្រាស់បណ្ណសារប្រកបដោយប្រសិទ្ធភាព។ តាមរយៈវគ្គនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹងថ្មីៗ និងបទពិសោធន៍ជាក់ស្ដែងដែលអាចយកទៅអនុវត្តបានភ្លាមៗ ដើម្បីរួមចំណែកដល់ការកែលម្អប្រព័ន្ធរដ្ឋបាលសាធារណៈនៅថ្នាក់មូលដ្ឋាន។
ក្នុងសុន្ទរកថាបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តម អ៊ុ រាត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចការរដ្ឋបាល និងបណ្ណសារ ដែលជាឆ្អឹងខ្នងដ៏សំខាន់សម្រាប់ដំណើរការរដ្ឋបាលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ "ការគ្រប់គ្រងកិច្ចការរដ្ឋបាល និងបណ្ណសារប្រកបដោយវិជ្ជាជីវៈ មិនត្រឹមតែជួយសម្រួលដល់លំហូរការងារប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគន្លឹះក្នុងការរក្សាទុកនូវឯកសារសំខាន់ៗ ប្រវត្តិសាស្ត្រ និងព័ត៌មានចាំបាច់សម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងការអភិវឌ្ឍន៍នាពេលអនាគត"។

ឯកឧត្តមបានជំរុញឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការស្រូបយកចំណេះដឹង និងបទពិសោធន៍ពីវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីយកទៅអនុវត្តជាក់ស្ដែងក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ ឯកឧត្តមបានបន្ថែមថា ការអភិវឌ្ឍសមត្ថភាពបុគ្គលិក គឺជាការវិនិយោគដ៏សំខាន់សម្រាប់ភាពរីកចម្រើនរបស់ស្ថាប័នទាំងមូល។
ជាមួយគ្នានោះដែរ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងបណ្ណសារ និងឯកសារ ដើម្បីធានាបាននូវការផ្ទុកទិន្នន័យប្រកបដោយសុវត្ថិភាព រហ័ស និងងាយស្រួលក្នុងការស្វែងរក។ ការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាល នឹងរួមចំណែកយ៉ាងធំធេងដល់ការកាត់បន្ថយការិយាធិបតេយ្យ និងបង្កើនប្រសិទ្ធភាពការងារ។ ការគ្រប់គ្រងបណ្ណសារល្អ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីតម្លាភាព និងគណនេយ្យភាពរបស់ស្ថាប័នរដ្ឋ។ ឯកសារដែលបានរៀបចំទុកដាក់ត្រឹមត្រូវ អាចជាភស្តុតាងដ៏រឹងមាំសម្រាប់ជួយសម្រួលដល់ការត្រួតពិនិត្យ និងការវាយតម្លៃនានា។

ទន្ទឹមនោះ ឯកឧត្តមបានលើកទឹកចិត្តឱ្យមានការសហការគ្នា រវាងរដ្ឋបាលខេត្ត ក្រុង-ស្រុក និងមន្ទីរពាក់ព័ន្ធទាំងអស់ ក្នុងការចែករំលែកបទពិសោធន៍ល្អៗ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងក្នុងកិច្ចការរដ្ឋបាល និងបណ្ណសារ។ ឯកឧត្តមបានសម្ដែងក្ដីសង្ឃឹមយ៉ាងមុតមាំថា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់នឹងក្លាយជាធនធានដ៏សំខាន់ក្នុងការជំរុញឱ្យការងាររដ្ឋបាល និងបណ្ណសារនៅក្នុងអង្គភាពរៀងៗខ្លួន កាន់តែមានប្រសិទ្ធភាព ទំនើប និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ស្របតាមគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល៕
ដោយ ឈុន សារ៉ាត





