អាជ្ញាធររាជធានីភ្នំពេញគ្រោងនឹងបើកសម្ពោធជាផ្លូវការផ្លូវថ្មើជើងមាត់ទន្លេ (Walk Street) នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥--
ផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់រយៈពេលជាង៤ខែមកហើយ និងទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដោយពួកគាត់មកដើរលេងកម្សាន្តយ៉ាងកុះករ ក្នុងទឹកមុខសប្បាយរីករាយ ជាមួយនឹងចំណីអាហារត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ការបង្កើតឱ្យមានកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាក្នុងការជ្រើសរើសយកទីតាំងនៃការកាត់ខ្សែបូរសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ការត្រៀមលក្ខណៈសព្វបែបយ៉ាង ទាំងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូលរបស់យើង ដោយគិតទាំងការរៀបចំ អនាម័យបរិស្ថាន ការសម្ដែងសឹល្បៈក៏ឱ្យធំហើយល្អប្រសើរជាងមុន សំខាន់ទីតាំងលើផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) ដាច់ខាតត្រូវតែស្អាត មានបរិស្ថានល្អ។ កិច្ចការងារនេះ យើងនឹងត្រូវរៀបចំការប្រជុំច្រើនដងទៀត ជាមួយនឹងការរៀបចំក្រុមការងារដើម្បីរៀបចំ ការផ្សព្វផ្សាយព័ត៌មាន ការបែងចែកភារកិច្ចគ្នាឱ្យបានច្បាស់លាស់ ការរៀបចំតុបតែងភ្លើងចម្រុះពណ៌ និងសម្អាតបរិស្ថានជាដើម។

សូមបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការសាកល្បងកាល ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង ១៨៖០០នាទី រហូតដល់ម៉ោង ២៣៖០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

ដោយ សួស សំរិត





