ឯកឧត្តម ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អមដំណើរក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត អភិបាល អភិបាលរង ក្រុង-ស្រុក ព្រមទាំងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកឃុំ សង្កាត់ មេប៉ុស្តិ៍ យុវជនជាច្រើនរូបទៀត នៅសាលប្រជុំធំសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ណែនាំដល់ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរទេសចរណ៍ខេត្តទាំងអស់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និងឯកភាពផ្ទៃក្នុង ជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត និងមានកិច្ចសហប្រតិបត្តិការល្អជាមួយវិស័យឯកជន បណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ ដើម្បីចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តកំពង់ស្ពឺ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ចូលរួមអនុវត្តយុទ្ធនាការ «រដូវកាលបៃតង (Green Season)» និងជួយជំរុញការលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅតាមផ្លូវជាតិ ព្រំប្រទល់ចូលខេត្ត និងនៅតាមតំបន់រមណីយដ្ឋាននានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសពង្រឹងការផ្ដល់សេវាសាធារណៈគាំទ្រដល់វិស័យទេសចរណ៍ និងការវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍ ពង្រឹងការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ នូវសក្តានុពលទេសចរណ៍ខេត្តកំពង់ស្ពឺ ព្រមទាំងការបង្កើតផលិតផលទេសចរណ៍ និងព្រឹត្តិការណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងដោយរក្សាអត្តសញ្ញាណខេត្ត និងតំបន់៕


ដោយ លឹម សាន្ត





