ពិធីបើកសិក្ខាសាលាអភិវឌ្ឍសមត្ថភាពស្ដីពី “ការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សាកម្រិតមធ្យមសិក្សា” នៅវិទ្យាល័យកំពង់ស្ពឺ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥-- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាអភិវឌ្ឍសមត្ថភាពស្ដីពី “ការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សាកម្រិតមធ្យមសិក្សា” ជូនដល់សិក្ខាកាមដែលអញ្ជើញមកពីវិទ្យាល័យគោលដៅទាំង១០នៃខេត្តកំពត ខេត្តកណ្ដាល និងខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីសំណាក់លោកស្រី ចែ ផល្លី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ និងលោកគ្រូអ្នកគ្រូជាសិក្ខាកាមសរុប៤០នាក់។

លោកស្រី ចែ ផល្លី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានធ្វើរបាយការណ៍ស្វាគមន៍ជូនឯកឧត្តមគណៈអធិបតី និងអង្គពិធី ដោយជម្រាបជូនពីវឌ្ឍនភាពនៃការងារអប់រំ ក្នុងខេត្តកំពង់ស្ពឺ និងរំលេចឡើងអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា នៅតាមគ្រឹះស្ថានមធ្យមសិក្សាក្នុងខេត្តកំពង់ស្ពឺនាពេលកន្លងមក ដោយបានរួមចំណែកដល់ការពង្រឹងគុណភាពអប់រំក្នុងខេត្ត ការផ្ដល់សេវាអប់រំតម្រង់ទិសវិជ្ជាជីវៈដល់សិស្សានុសិស្សក្នុងខេត្ត ការបង្កើនកិច្ចសហការរវាងសាលារៀន និងភាគីពាក់ព័ន្ធខាងក្រៅសាលារៀន ដើម្បីបង្ហាញនូវរូបភាពការងារ ការត្រៀមលក្ខណៈសម្បត្តិឆ្ពោះទៅកាន់អាជីពការងារជាក់លាក់នាពេលអនាគត ព្រមទាំងរួមចំណែកកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សគួរឱ្យកត់សម្គាល់។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានមានប្រសាសន៍សំណេះសំណាល ដោយផ្ដោតលើសារៈសំខាន់នៃការអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកពង្រឹងគុណភាពអប់រំកម្ពុជា ផ្ដល់នូវអន្ដរាគមន៍គាំទ្រសិស្ស ប្រឹក្សាសិស្សអំពីបញ្ហាផ្សេងៗជុំវិញការសិក្សា បញ្ហាផ្ទាល់ខ្លួន ការតម្រង់ទិសសិស្សានុសិស្សឆ្ពោះទៅការជ្រើសរើសមុខជំនាញសិក្សា និងអាជីពការងារនាពេលអនាគត បានកាន់ល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវសង្គម-សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងអនាគត។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតក៏បានគូសបញ្ជាក់ជូនអង្គសិក្ខាសាលាជ្រាបអំពីភាពចាំបាច់នៃកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សា ដែលនឹងជួយដល់ការអប់រំតម្រង់ទិសសិស្សកម្រិតមធ្យមសិក្សា ក្នុងបរិបទនៃការដាក់ចេញនូវគន្លងអប់រំថ្មីក្នុងប្រព័ន្ធអប់រំកម្ពុជានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ដែលមានគន្លងវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម និងគន្លងអប់រំបច្ចេកទេសវិជ្ជាជីវៈ នៅកម្រិតមធ្យមសិក្សាទុតិយភូមិ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យអនុវត្តកម្មវិធីមគ្គុទ្ទេសក៍អាជីព និងការផ្ដល់ប្រឹក្សានៅតាមគ្រឹះស្ថានមធ្យមសិក្សាចំនួន១៩៩សាលារៀន និងមានគ្រូប្រឹក្សាតាមសាលារៀន ចំនួន៥៦៨នាក់ ស្រី២៣៤នាក់ ត្រូវបានទទួលការបណ្ដុះបណ្ដាលពីនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ៕
ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





