កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០៨ សរ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ នៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់មួយត្រូវបានរៀបចំឡើងនៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ដើម្បីផ្សព្វផ្សាយសារាចរណែនាំលេខ០៨ សរ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីអ្នកមុខអ្នកការមន្ទីរ អង្គភាពជុំវិញខេត្ត។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាប្រកបដោយភាពច្បាស់លាស់ និងប្រសិទ្ធភាព ដើម្បីធានាបាននូវនិរន្តរភាពនៃការអភិវឌ្ឍខេត្ត។ ការរៀបចំផែនការថវិកាសម្រាប់រយៈពេលមធ្យម ឆ្នាំ២០២៦-២០២៨ គឺមិនមែនគ្រាន់តែជាការរៀបចំឯកសារនោះទេ ប៉ុន្តែជាការគិតគូរវែងឆ្ងាយអំពីទិសដៅអភិវឌ្ឍន៍របស់ខេត្ត ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្ដមអភិបាលខេត្តបានណែនាំដល់មន្ទីរ អង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការកំណត់អាទិភាពចំណាយ ដោយផ្ដោតលើគម្រោងដែលផ្តល់ផលប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ឋ និងការជំរុញកំណើនសេដ្ឋកិច្ចក្នុងមូលដ្ឋាន និងបានក្រើនរំលឹកឱ្យមានការសហការល្អ រវាងមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាផែនការថវិកាដែលបានរៀបចំឡើង មានភាពស៊ីសង្វាក់គ្នា និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

ជាការឆ្លើយតប លោក បឹង គឹមសេង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញលម្អិតអំពីខ្លឹមសារនៃសារាចរណែនាំលេខ០៨ សរ និងនីតិវិធីនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៦-២០២៨ ក៏ដូចជាការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ លោកបានបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រថវិកានេះគឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការគ្រប់គ្រង និងបែងចែកធនធានហិរញ្ញវត្ថុរបស់ខេត្តឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។

លោកប្រធានមន្ទីរបានពន្យល់អំពីក្របខ័ណ្ឌថវិកាពហុឆ្នាំ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំផែនការថវិកា ដោយផ្តោតលើការភ្ជាប់គោលដៅយុទ្ធសាស្ត្រជាមួយនឹងការបែងចែកធនធានហិរញ្ញវត្ថុជាក់ស្តែង។ លោកបានណែនាំដល់អ្នកចូលរួមទាំងអស់ឱ្យយល់ច្បាស់ពីតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមរៀបចំផែនការថវិកានេះប្រកបដោយភាពហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់។ លោកក៏បានលើកទឹកចិត្តឱ្យមានការជជែកដេញដោល និងផ្លាស់ប្តូរគំនិតគ្នា ដើម្បីស្វែងរកដំណោះស្រាយល្អបំផុត សម្រាប់ការបែងចែកថវិកាដែលកំណត់។
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ០៨ សរ គឺជាជំហានដ៏សំខាន់មួយក្នុងការធានាថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅខេត្តបន្ទាយមានជ័យនឹងប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងចីរភាព។ តាមរយៈការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអភិបាលខេត្ត និងការពន្យល់លម្អិតពីលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត គេរំពឹងថា មន្ទីរ អង្គភាពទាំងអស់នឹងអាចរៀបចំផែនការថវិកាប្រកបដោយគុណភាព ដែលរួមចំណែកដល់ការអភិវឌ្ឍខេត្តបន្ទាយមានជ័យឱ្យកាន់តែរីកចម្រើនទៅមុខ៕
ដោយ ឈុន សារ៉ាត





