វិនិយោគិនអូស្ត្រាលី និងវិនិយោគិនចិន ចាប់ផ្តើមការវិនិយោគ និងពង្រីកការវិនិយោគរបស់ខ្លួន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំលើវិស័យកសិកម្ម
AKP កំពង់ធំ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មានជំនួបដាច់ដោយឡែកពីគ្នា ជាមួយក្រុមហ៊ុនវិនិយោគិនចិន និងក្រុមហ៊ុនវិនិយោគិនអូស្រ្តាលី ដែលកំពុង ក៏ដូចជាសម្រេចចិត្តក្នុងការដាក់ទុនវិនិយោគលើវិស័យកសិកម្មនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានទទួលជួបលោក HU Jun អគ្គនាយកសហគ្រាសផលិតគ្រាប់ស្វាយចន្ទី កម្ពុណាត់ អាហ្គ្រោ ប្រដាក់ ឯ.ក (Kampu Nuts Agro Product Co., Ltd.) ដែលបាន និងកំពុងមានសកម្មភាពវិនិយោគក្នុងវិស័យកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងភូមិសាស្ត្រស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីពិភាក្សាអំពីពង្រីកទំហំវិនិយោគរបស់ក្រុមហ៊ុនបន្ថែមទៀត។

ក្នុងជំនួបនោះ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពល និងកាលានុវត្តភាពក្នុងការវិនិយោគលើវិស័យស្វាយចន្ទី ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ព្រមទាំងបានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនអំពី គោលនយោបាយជាតិស្តីពីស្វាយចន្ទី ក៏ដូចជាគម្រោងសួនកសិ-ឧស្សាហកម្ម ផ្តោតជាពិសេសលើការកែច្នៃស្វាយចន្ទីរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជាកិច្ចការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចក៏ដូចជាលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះដែរ បន្ទាប់ពីជំនួបខាងលើឯកឧត្តមអភិបាលខេត្តក៏បានទទួលជួបលោក Ian OLIFENT ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជេ7-អេអេជី ហ្វាមីង ឌីវេឡុបម៉ិន ឯក. (J7-AAG Farming Development Co., Ltd) ដែលក្រុមហ៊ុនរបស់លោកបានសម្រេចចិត្តដាក់ទុនវិនិយោគនិងមានគម្រោងចូលរួមចំណែកក្នុងការធ្វើពិពិធកម្មដំណាំកសិកម្ម ក្នុងភូមិសាស្ត្រខេត្តកំពង់ធំផងដែរ។

ជាការឆ្លើយតបឯកឧត្តម នួន ផារ័ត្ន បានអបអរសាទរ និងលើកទឹកចិត្តចំពោះការសម្រេចដាក់ទុនវិនិយោគនៅក្នុងខេត្តកំពង់ធំ តាមរយៈការសម្លឹងឃើញអំពីសក្តានុពល និងកាលានុវត្តភាពជាច្រើនរបស់ខេត្ត។ ឯកឧត្តមអភិបាលខេត្តបានជម្រាបជូនគណៈប្រតិភូក្រុមហ៊ុនអំពីការត្រៀមរួចជាស្រេច ក្នុងការជួយគាំទ្រដល់ក្រុមហ៊ុន នៅលើរាល់ឯកសាររដ្ឋបាលចាំបាច់នានា ដើម្បីធានាឱ្យដំណើរល្អប្រសើរនៃការវិនិយោគរបស់ក្រុមហ៊ុន៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ)





