ពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥-- ស.ស.យ.កខេត្តកំពង់ស្ពឺបានប្រារព្ធពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈកម្មាធិការស.ស.យ.ក.ខេត្ត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលស.ស.យ.ក ព្រមទាំងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ និងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត សរុបប្រមាណជាចំនួន៤០០នាក់ នៅសាលប្រជុំសាលាខេត្ត។

អង្គពិធីបានប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការស.ស.យ.កខេត្តកំពង់ស្ពឺ ចំនួន២១៦រូបក្នុងនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ត្រូវបានតែងតាំងជាប្រធានកិត្តិយសស.ស.យ.កខេត្តកំពង់ស្ពឺ ដោយមានឯកឧត្តម ស៊្រុន ស៊្រន់ ជាប្រធាន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរចំពោះថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានផ្ដល់ជាបរិយាកាស និងកិច្ចសហការយ៉ាងល្អប្រសើរ ជាមួយសមាជិក សមាជិកា ស.ស.យ.ក.ខេត្តកំពង់ស្ពឺ ក្នុងការអនុវត្តកិច្ចការងារសង្គមនៅក្នុងរយៈកាលកន្លងមក។ ជាមួយគ្នានោះ ស.ស.យ.ក គ្រប់ជាន់ថ្នាក់ ត្រូវបន្តពង្រីកសកម្មភាពការងារ ឱ្យកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត សំដៅទាក់ទាញយុវជន និងដណ្តើមបាននូវសមានចិត្តពីមហាជនទូទាំងខេត្ត។

ឯកឧត្តមបានបន្ថែមថា សមាជិកទាំងអស់ត្រូវគោរព និងអនុវត្តតាមលក្ខន្តិកៈបទបញ្ជាផ្ទៃក្នុងសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត និងផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ការងារចូលរួមចំណែកជាមួយគ្រប់ភាគីពាក់ព័ន្ធ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះជួយប្រជាពលរដ្ឋ កុមារកំព្រា ជនចាស់ជរា និងជនងាយរងគ្រោះនៅតាមមូលដ្ឋាន ដើម្បីឱ្យពលរដ្ឋមានការគាំទ្រពីមជ្ឈដ្ឋានមហាជន និងយុវជន ក្នុងបុព្វហេតុរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ នេះហើយជាគុណតម្លៃ និងបុព្វហេតុនៃសកម្មភាពទាំងឡាយរបស់ស.ស.យ.ក. ដែលបានបង្កប់នូវអត្ថន័យលើសពីគ្រាន់តែជារូបភាព។ ចំពោះ «ការចូលរួមសកម្មភាពជាមួយ ស.ស.យ.ក. គឺជាការចូលរួមដោយគ្មានលក្ខខណ្ឌ» ក្នុងន័យនេះ ការចូលរួមក្នុងកិច្ចការងារស្ម័គ្រចិត្ត ឬក៏សកម្មភាពរបស់ស.ស.យ.ក. មិនអាចទាមទារវិញនូវតំណែង ឬក៏តួនាទីណាមួយនោះទេ។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបន្ដថា តាមរយៈវេទិកា ស.ស.យ.ក. សមាជិក សមាជិកាម្នាក់ៗ អាចបង្ហាញសមត្ថភាពខ្លួនបាន ដោយចាប់ផ្តើមអនុវត្តពីសកម្មភាពតូចៗ ផ្សាភ្ជាប់ជាមួយនឹងមនសិការ ឆន្ទះពុះពារ ភាពច្នៃប្រឌិតក្នុងការបំពេញភារកិច្ចការងារ។ ឯកឧត្តមសង្កត់ធ្ងន់ថា តាមរយៈការអនុវត្តការងារស្ម័គ្រចិត្ត ដោយមិនរំពឹងទុកនូវការតបស្នង និងតួនាទីរបស់សមាជិក សមាជិកាណាម្នាក់ គឺបានបង្ហាញនូវសក្តានុពលរបស់ពួកគេ សម្រាប់ថ្នាក់ដឹកនាំធ្វើការវិនិច្ឆ័យលក្ខណៈសម្បត្តិ ដើម្បីផ្តល់ឱកាសឱ្យបំពេញកិច្ចការងារធំណាមួយ។

ក្នុងឱកាសនោះដែរឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានកិត្តិយស ស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានលើកឡើងថា សមាជិក ស.ស.យ.ក ខេត្តកំពង់ស្ពឺ បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមមានដូចជា ការងារស្ម័គ្រចិត្តនិងការចូលរួមកម្មវិធីនានា ជាពិសេសសកម្មភាពយុវជនក្នុងការចូលរួមគាំទ្រអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល។ឯកឧត្តមបណ្ឌិតអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃ និងយកចិត្តទុកដាក់ខ្ពស់ចំពោះយុវជន និងផ្តល់ភាពកក់ក្តៅដល់ ស.ស.យ.ក. ខេត្តកំពង់ស្ពឺទាំងមូល ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តកំពង់ស្ពឺ ក៏ដូចជាសង្គមជាតិទាំងមូល ក្រោមទិសស្លោក «រួមគ្នាដើម្បីកំពង់ស្ពឺ»៕
ដោយ លឹម សាន្ត





