ក្រសួងការបរទេសលីប៊ីស្វាគមន៍ការបើកស្ថានកុងស៊ុលទុយនីស៊ីឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ -- ក្រសួងការបរទេសលីប៊ីកាលពីថ្ងៃចន្ទបានស្វាគមន៍ការបើកស្ថានកុងស៊ុលទុយនីស៊ីឡើងវិញនៅទីក្រុងប៊េងហាហ្សី ភាគខាងកើតប្រទេសលីប៊ី បន្ទាប់ពីបានផ្អាកអស់រយៈពេល ១០ឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ជំហាននេះកើតឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងទ្វេភាគីក្នុងការសម្របសម្រួលរវាងសេវាកុងស៊ុលសម្រាប់ប្រជាជនលីប៊ី និងសហគមន៍ទុយនីស៊ីនៅក្នុងតំបន់ភាគខាងកើត។
សេចក្តីថ្លែងការណ៍ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការសម្រេចបាននូវផលប្រយោជន៍រួមរបស់ប្រជាជនលីប៊ី និងទុយនីស៊ី និងការពង្រឹងកិច្ចសហប្រតិបត្តិការការទូត និងនយោបាយរវាងប្រទេសទាំងពីរ។
ក្រសួងការបរទេសទុយនីស៊ីកាលពីថ្ងៃអាទិត្យបានប្រកាសពីការបើកស្ថានកុងស៊ុលទុយនីស៊ីនៅទីក្រុងប៊េងហាហ្សីឡើងវិញដែលត្រូវបានបិទក្នុងឆ្នាំ២០១៤ នៅពេលដែលពួកសកម្មប្រយុទ្ធបានគប់គ្រាប់បែកដៃដែលបំផ្លាញជញ្ជាំងខាងក្រៅរបស់អគារ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





