រដ្ឋមន្ដ្រីការបរទេសកូរ៉េខាងត្បូងពិភាក្សាអំពីសន្តិសុខ និងទំនាក់ទំនងសេដ្ឋកិច្ចជាមួយសមភាគីកាណាដាថ្មី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ -- ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា រដ្ឋមន្ត្រីការបរទេស លោក ចូ តេយុល (Cho Tae-yul) បានសន្ទនាតាមទូរស័ព្ទជាមួយសមភាគីកាណាដាថ្មីរបស់លោកកាលពីថ្ងៃអង្គារ ហើយបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ភាពជាដៃគូទ្វេភាគីក្នុងវិស័យសន្តិសុខ សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។
នៅក្នុងកិច្ចពិភាក្សាលើកដំបូងជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី អានីតា អាណាន (Anita Anand) លោក ចូ បានគូសបញ្ជាក់ពីការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកាណាដាក្នុងការជួយលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកតាមរយៈការបញ្ជូនមេបញ្ជាការរងនៃបញ្ជាការអង្គការសហប្រជាជាតិ (UNC) និងការរួមចំណែកផ្សេងទៀត។ បញ្ជាការ UNC បានត្រួតពិនិត្យបទឈប់បាញ់ដែលបញ្ចប់សង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។
ជាការឆ្លើយតប លោកស្រី អាណាន បានអំពាវនាវឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសកូរ៉េខាងត្បូងដើម្បីជំរុញភាពជាដៃគូទ្វេភាគីក្នុងវិស័យការទូត សន្តិសុខ សេដ្ឋកិច្ច និងបច្ចេកវិទ្យា ដោយដាក់ទីក្រុងសេអ៊ូលជាដៃគូដ៏សំខាន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេសតាមរយៈកិច្ចចរចា «ពីរបូកពីរ» ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់ពួកគេ។
ភាគីទាំងពីរក៏បានយល់ព្រមសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងដើម្បីសម្របសម្រួលការទំនាក់ទំនងភ្លាមៗរវាងមេដឹកនាំនៃប្រទេសទាំងពីរ បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងដែលគ្រោងធ្វើនៅថ្ងៃទី៣ ខែមិថុនា៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





