កូរ៉េខាងជើង៖ នាវាពិឃាតដែលខូចខាតកំពុងត្រូវបានជួសជុល
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ -- ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសកូរ៉េខាងជើងបាននិយាយកាលពីថ្ងៃច័ន្ទថា នាវាពិឃាតថ្មីរបស់ខ្លួនដែលបានខូចខាតកាលពីសប្តាហ៍មុនក្នុងអំឡុងពេលការប៉ុនប៉ងបាញ់បង្ហោះកំពុងត្រូវបានជួសជុល ដោយប្រព័ន្ធផ្សព្វផ្សាយបានបន្ថែមថា ប្រទេសកូរ៉េខាងជើងបានឃុំខ្លួនមន្ត្រីម្នាក់ទៀតពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់ខ្លួនលើឧបទ្ទវហេតុនាវាចម្បាំងនេះ។
ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា ក្រុមស៊ើបអង្កេតបានរាយការណ៍ពីការងាររបស់ខ្លួនទៅកាន់គណៈកម្មការយោធាកណ្តាលនៃគណបក្សពលករកូរ៉េកាលពីថ្ងៃអាទិត្យ ហើយអង្គភាពអនុវត្តន៍ច្បាប់បានកោះហៅ និងឃុំខ្លួន លោក រី យ៉ុងសុន (Ri Hyong-son) អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានឧស្សាហកម្មគ្រាប់បែករបស់គណបក្សជុំវិញឧបទ្ទវហេតុនេះ។
នាវាពិឃាតបានក្រឡាប់ និងបានលិចទឹកមួយផ្នែកក្នុងអំឡុងពិធីបាញ់បង្ហោះរបស់ខ្លួននៅក្នុងទីក្រុងកំពង់ផែឆុងជីន ភាគខាងកើតកាលពីថ្ងៃពុធសប្តាហ៍មុន ដោយរងការខូចខាតដល់សម្បករបស់នាវា។
ការចូលរួមក្នុងព្រឹត្តិការណ៍នេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un)បានចាត់ទុកឧបទ្ទវហេតុនេះថាជា «អំពើឧក្រិដ្ឋកម្មដែលមិនអាចអត់ឱនឱ្យបាន» ដោយបន្ទោស ទៅលើមន្ដ្រីចំពោះ «ការធ្វេសប្រហែស» និង «ការមិនទទួលខុសត្រូវ» និងបញ្ជាឱ្យជួសជុលនាវានៅក្នុងខែមិថុនា។
ជាផ្នែកមួយនៃការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ប្រទេសកូរ៉េខាងជើងបានកោះហៅអ្នកគ្រប់គ្រងរោងចក្រផលិតនាវាឆុងជីន កាលពីថ្ងៃព្រហស្បតិ៍ ហើយបានឃុំខ្លួនប្រធានវិស្វករនៃកន្លែងផលិតនាវា ប្រធានសិក្ខាសាលាសាងសង់នាវា និងជាអនុប្រធានគ្រប់គ្រងកិច្ចការរដ្ឋបាលកាលពីថ្ងៃសៅរ៍។
ទីភ្នាក់ងារ KCNA បាននិយាយថា ដើម្បីស្ដារតុល្យភាពការងារនៃនាវាចម្បាំងបាននឹងកំពុងដំណើរការយ៉ាងសកម្មនៅកន្លែងកើតហេតុ ក្រោមការណែនាំបច្ចេកទេសពីក្រុមអ្នកជំនាញ និងស្របតាមកាលវិភាគ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





