តម្លៃអង្កររបស់ជប៉ុនកើនឡើងដល់កម្រិតខ្ពស់បំផុត
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ -- ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃចន្ទថា តម្លៃលក់រាយជាមធ្យមនៃអង្ករដែលលក់នៅផ្សារទំនើបទូទាំងប្រទេសជប៉ុនបានកើនឡើងដល់កម្រិតខ្ពស់ថ្មី ដែលឈានដល់ ៤.២៨៥យ៉េន (ប្រហែល ២៩,៩៧ដុល្លារអាម៉េរិក) ក្នុង ៥គីឡូក្រាម។
យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នេះបង្ហាញពីការកើនឡើងចំនួន ១៧យ៉េនពីសប្តាហ៍មុន និងតម្លៃខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាប្រៀបធៀបបានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២២។
ខណៈពេលដែលតម្លៃបានធ្លាក់ចុះយ៉ាងបន្ដិចនៅចន្លោះខែមេសា និងឧសភា ចាប់តាំងពីពេលនោះមក តម្លៃអង្ករបានបន្តនិន្នាការកើនឡើង។ ទោះបីជារដ្ឋាភិបាលបានចេញផ្សាយអង្ករបម្រុងនាពេលថ្មីៗនេះតាមរយៈការដេញថ្លៃចាប់តាំងពីខែមីនាក៏ដោយ ប៉ុន្តែលំហូរចូលមិនទាន់បាននាំឱ្យមានការធ្លាក់ចុះនៃតម្លៃទីផ្សារនៅឡើយ។
ប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលថ្មីក្នុងការលក់អង្ករស្តុកទុកតាមរយៈកិច្ចសន្យាចរចាជាជាងការដេញថ្លៃប្រកួតប្រជែងកំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ថាជាវិធានការដែលអាចធ្វើទៅបានដើម្បីទប់ស្កាត់ការកើនឡើងតម្លៃ។
ការស្ទង់មតិរបស់សារព័ត៌មានក្យូដូកាលពីចុងសប្តាហ៍បានបង្ហាញថា ជិត ៦០% នៃប្រជាជនជប៉ុនជឿថាតម្លៃអង្ករនឹងធ្លាក់ចុះបន្ទាប់ពីការតែងតាំង លោក ស៊ីនជីរ៉ូ កយហ្សូមី (Shinjiro Koizumi) ជារដ្ឋមន្ត្រីកសិកម្ម។
ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីអតីតរដ្ឋមន្ត្រី លោក តាគូ អេតូ (Taku Eto) បានលាលែងពីតំណែងដោយនិយាយថា លោកមិនដែលទិញអង្ករដូចដែលអ្នកគាំទ្ររបស់លោកបានផ្ញើឱ្យលោកនោះទេ ដែលជាការកត់សម្គាល់បានបង្កឱ្យមានការខឹងសម្បារជាសាធារណៈចំពេលតម្លៃអង្ករឡើងខ្ពស់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





