ចិនត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយគុយវ៉ែតសម្រាប់ការអភិវឌ្ឍទំនាក់ទំនងប្រកបដោយស្ថិរភាព
AKP ប៉េកាំង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយប្រទេសគុយវ៉ែតក្នុងការបន្តជំរុញឱ្យមានការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីប្រកបដោយស្ថិរភាព។
លោក លី បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់លោកជាមួយព្រះអង្គម្ចាស់ សៀក សាបា អាល់-ខាលេដ អាល់-ហាម៉ាដ អាល់-សាបា (Sheikh Sabah Al-Khaled Al-Hamad Al-Sabah) រាជទាយាទនៃប្រទេសគុយវ៉ែត នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC)-ចិន ជាលើកដំបូង។
លោក លី បាននិយាយថា ទំនាក់ទំនងទ្វេភាគីរវាងចិន និងគុយវ៉ែត បានរក្សាបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាព និងរឹងមាំចាប់តាំងពីការបង្កើតឡើងជាងកន្លះសតវត្សមុនមក។
លោក លី បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងព្រះមហាក្សត្រនៃប្រទេសគុយវ៉ែត ព្រះអង្គម្ចាស់ សៀក មីសាល់ អាល់-អាម៉ាដ អាល់-ចាបឺរ អាល់-សាបា (Sheikh Mishal Al-Ahmad Al-Jaber Al-Sabah) បានធ្វើឱ្យទំនាក់ទំនងរវាងចិន-គុយវ៉ែតមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងលទ្ធផលប្រកបដោយផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែង។
លោក លី បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងារជាមួយគុយវ៉ែត ដើម្បីពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងស៊ីជម្រៅ ដើម្បីបន្តជំរុញឱ្យមានការអភិវឌ្ឍកាន់តែខ្លាំង និងកាន់តែមានសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី។
លោក លី បានចង្អុលបង្ហាញថា ប្រទេសចិន និងគុយវ៉ែតរីករាយនឹងការបំពេញបន្ថែមគ្នាផ្នែកសេដ្ឋកិច្ចដ៏រឹងមាំ និងការរំពឹងទុកយ៉ាងទូលំទូលាយសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី។
លោក លី បាននិយាយថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយគុយវ៉ែត ដើម្បីពង្រឹងភាពស៊ីសង្វាក់គ្នានៅក្នងក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងចក្ខុវិស័យគុយវ៉ែតឆ្នាំ២០៣៥ ដោយពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងការពន្លឿនការអនុវត្តគម្រោងសហប្រតិបត្តិការសំខាន់ៗ។
លោក លី បាននិយាយថាប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគុយវ៉ែតក្នុងវិស័យមួយចំនួន ដូចជាវិស័យថាមពល ការវិនិយោគ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងបញ្ញាសិប្បនិមិត្ត (AI) ដើម្បីបង្កើតឱកាសថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងរួមចំណែកដល់ការអភិវឌ្ឍ និងផលប្រយោជន៍ទៅវិញទៅមក។
លោក លី បានអំពាវនាវឱ្យភាគីទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងទេសចរណ៍ សម្របសម្រួលបន្ថែមទៀតនូវការផ្លាស់ប្តូរបុគ្គលិក និងជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅរវាងប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ យា ចិន្តាខន្តី





