កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ បានកាត់បន្ថយនូវការពឹងផ្អែកលើទីផ្សារលោកខាងលិច
AKP ប៉េកាំង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ -- កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ (CAFTA 3.0) បានកាត់បន្ថយនូវការពឹងផ្អែកលើទីផ្សារលោកខាងលិច ហើយវាបានធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកខ្លាំងពេកទៅលើទីផ្សារនាំចេញជាក់លាក់ ដោយបង្កើនស្វ័យភាព និងភាពធន់សម្រាប់ប្រទេសសេដ្ឋកិច្ចមធ្យម។ នេះបើយោងតាមលោក តាន់ កាហ៊ីង (Tan Kar Hing) អនុប្រធានមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រក្នុងតំបន់របស់ប្រទេសម៉ាឡេស៊ី។
ទំនាក់ទំនងអាស៊ាន-ចិន គឺជាកម្លាំងដ៏មានស្ថិរភាព ចំពេលដែលមានការប្រែប្រួលជាសកល ហើយវាមានសារៈសំខាន់ជាពិសេស ដោយសារតែប្រទេសចិន និងអាស៊ាន ជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរ និងទីប្រាំរបស់ពិភពលោករៀងៗខ្លួន ដោយមានចំនួនមួយភាគបួននៃចំនួនប្រជាជនពិភពលោក។
មិនដូចទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មលោកខាងលិចដ៏តឹងរឹង កិច្ចព្រមព្រៀង CAFTA 3.0 បានសង្កត់ធ្ងន់ទៅលើបរិយាប័ន្ន ភាពបត់បែន និងការរីកចម្រើនជាដំណាក់កាល ដោយក្របខ័ណ្ឌរបស់ខ្លួនបានអនុញ្ញាតឱ្យសមាជិករបស់កិច្ចព្រមព្រៀងសម្របសម្រួលចំពោះកិច្ចសហប្រតិបត្តិការទៅនឹងអាទិភាពក្នុងស្រុក។
ការបញ្ចប់ការធ្វើបច្ចុប្បន្នភាពកិច្ចព្រមព្រៀងនេះ បានឆ្លុះបញ្ចាំងពីការយល់ស្របដែលមិនធ្លាប់មានពីមុនមករវាងប្រទេសចិន និងអាស៊ានទៅលើការរចនាស្ថាប័ន ការកំណត់របៀបវារៈ និងផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការ និងការវិវឌ្ឍសម្រាប់ការកាត់ពន្ធជាមូលដ្ឋានទៅជាច្បាប់ជាប្រព័ន្ធ ដោយវាបានបង្ហាញពីការលោតផ្លោះជាថ្មីនៃការជឿទុកចិត្តគ្នាខាងនយោបាយ និងសមាហរណកម្មសេដ្ឋកិច្ចរវាងភាគីនានា។
ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ២០១០ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ានបានក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង៕
ដោយ៖ យា ចិន្តាខន្តី





