មន្ត្រីជំនាញកំពុងកំណត់ទួលបុរាណជាង៧០០កន្លែងក្នុងខេត្តបាត់ដំបងជាតំបន់បេតិកភណ្ឌរូបី
AKP បាត់ដំបង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥-- បាត់ដំបងគឺជាខេត្តមួយដែលមានប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមកហើយដែលបច្ចុប្បន្នមន្ទីរជំនាញបាន និងកំពុងស្រាវជ្រាវកំណត់ជាតំបន់អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌរូបី តាមទីដែលសម្បូរដោយទួលបុរាណ បឹងបុរាណ ប្រាសាទបុរាណ ទួលកប់សពបុរាណ ៘

លោក គីម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា តាមការស្រាវជ្រាវ ទួលបុរាណនៅក្នុងខេត្តបាត់ដំបងទាំងមូលមាន៧១៣ទីតាំង ដែលភាគច្រើនគឺសម្បូរនៅក្នុងតំបន់ដែលមានមនុស្សរស់នៅកាលពីសម័យដើម។ ទីតាំងទាំងនោះគឺកំណត់បានតែផ្នែកខាងលើប៉ុណ្ណោះដោយមិនដឹងថា នៅខាងក្រោមដីមានអ្វីខ្លះនោះទេ ព្រោះយើងមិនទាន់ធ្វើកំណាយដើម្បីធ្វើការស្រាវជ្រាវ និងស្វែងរកការពិតដែលចាស់បុរាណបានបន្សល់ទុកតាំងពីសម័យដើម។ ទួលបុរាណខ្លះជាកន្លែងគោរពបូជា ដោយបន្សល់រូបលិង្គព្រះឥសូរ ដូចជានៅទួលអង្គជាដើម។ ឯទួលខ្លះទៀតជាកន្លែងកប់សពតាំងពីមុនគ្រិស្តសករាជមកម្ល៉េះ ដូចជានៅឃុំកំប្រង់ នៅឃុំដូនបា និងនៅស្ថានីយ៍ស្ពានភ្នំឡើងស្ទាក់ទ្រាំងជាដើម។

លោកប្រធានមន្ទីរបានលើកឡើងថា សម្រាប់ការកំណត់ទីតាំងទាំង៧១៣កន្លែង ក្នុងខេត្តបាត់ដំបងនេះ គឺតួលេខមិនទាន់ជាក់លាក់នៅឡើយទេ ព្រោះកន្លែងខ្លះមានឈ្មោះជាទួលបុរាណ ប៉ុន្តែពេលមន្ត្រីជំនាញចុះទៅពិនិត្យគឺពុំមែនតឹកតាងច្បាស់ឡើយ ឯទីតាំងខ្លះទៀតមិនសមជាទួលបុរាណ ប៉ុន្តែក្រោយចុះពិនិត្យ ទើបដឹងថាទីតាំងនោះគឺជាទួលបុរាណ។

ថ្មីៗនេះក្រោយពីមន្ទីររៀបចំដែនដីនគរូរូបនីយកម្មខេត្តរបស់វែងដីធ្លី ដោយបានសហការជាមួយមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានរកឃើញតំបន់ដែលជាទូលបុរាណជាង២០កន្លែងទៀត គឺនៅក្នុងភូមិស្វាយស ឃុំតាប៉ុន ក្នុងស្រុកសង្កែ ដែលក្នុងនោះគឺមានទួលបុរាណ បឹងបុរាណ និងគ្រឹះបុរាណដែលបាក់បែក ហើយមន្ទីរជំនាញនឹងធ្វើការស្រាវជ្រាវបន្ថែមដើម្បីឈានទៅដល់ការធ្វើកំណាយ និងឱ្យដឹងថាតើនៅខាងក្រោមនៃទួលបុរាណនីមួយៗមានអ្វីខ្លះ៕


ដោយ សុផល





