អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥ តាមរយៈគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រា ព័ត៌មានក្លែងក្លាយ សរុបចំនួន ១ ៣៩៩ ករណី
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥--សម្រាប់ចំនួនព័ត៌មានក្លែងក្លាយ ក្នុងរយៈពេល ៥ខែ ឆ្នាំ២០២៥ នេះ គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន បានកត់ត្រាទុក ព័ត៌មាន ក្លែងក្លាយ ចំនួន ១ ៣៩៩ ករណី។ នេះបើតាមការថ្លែងបញ្ជាក់របស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។

ឯកឧត្តម ទេព អស្នារិទ្ធ បានមានប្រសាសន៍ថា ការកើនឡើងនៃព័ត៌មានក្លែងក្លាយស្របពេលដែលការប្រើប្រាស់តាមបណ្ដាញសង្គម ហ្វេសប៊ុក ទីកតុក តេឡេក្រាម អ៊ីនស្តាក្រាម ជាពិសេសការប្រើបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត មានសន្ទុះកើនឡើងកាន់តែខ្លាំងឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើសកលលោក។ ឯកឧត្ដមបានលើកឡើងថា ដូច្នេះ ដើម្បីទប់ស្កាត់ពត៌មានក្លែងក្លាយកុំឱ្យបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ដល់សង្គម ជាពិសេសដល់យុវវ័យ ដែលកម្ពុជាយើងមានយុវវ័យចំនួនប្រមាណ ៦៦ភាគរយ នៃចំនួនប្រជាជនសរុប យុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ បានចុះទៅផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សតាមសាលារៀន តាមសហគមន៍ និងនៅតាមភូមិ ឃុំបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋានរាជធានី ខេត្ត។ ឯកឧត្ដមអ្នកនាំពាក្យរូបនេះបានបន្ដថា យុទ្ធនាការជំរុញឱ្យមានការចូលរួមខ្លាំងក្លាពីសាធារណៈជនតាមរយៈលើកកម្ពស់ការផ្សព្វផ្សាយតែព័ត៌មានពិត មានក្រមសីលធម៌វិជ្ជាជីវៈ មានប្រភពព័ត៌មានច្បាស់លាស់ មានភាពត្រឹមត្រូវអាចទុកចិត្តបាន ជាពិសេសតាមរយៈការលើកទឹកចិត្តឱ្យម្នាក់ៗចូលរួមទប់ស្កាត់ និងឈានទៅបញ្ចប់ចរាចរណ៍ព័ត៌មានក្លែងក្លាយក្នុងសង្គម។

ឯកឧត្តម ទេព អស្នារិទ្ធ បានចាត់ទុកការចូលរួមពីសំណាក់អ្នកបង្កើតមាតិកាលើបណ្តាញសង្គម អ្នកសារព័ត៌មាន និងពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមត្រូវចូលរួមទាំងអស់គ្នាដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ៕

ដោយ៖ រិទ្ធី





