រដ្ឋបាលខេត្តកណ្ដាលបើកកិច្ចប្រជុំប្រមូលតម្រូវការគម្រោងសកម្មភាពនៃកម្មវិធីវិនិយោគបីឆ្នាំរំកិល
AKP កណ្ដាល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥-- លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្នុងកិច្ចប្រជុំប្រមូលតម្រូវការគម្រោងសកម្មភាព នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៦-២០២៨ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម-លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធនិងអាជ្ញាធរក្រុង-ស្រុកទាំង១៣ ផងដែរ។

ថ្លែងបើកកិច្ចប្រជុំ លោក ប្រាក់ សារ៉ាត បានបញ្ជាក់ថា គោលបំណងសំខាន់ក្នុងកិច្ចប្រជុំនាពេលនេះ គឺដើម្បីណែនាំដល់រដ្ឋបាលក្រុង-ស្រុក និងរដ្ឋបាលខេត្តរៀបចំ និងកំណត់តម្រូវការគម្រោងវិនិយោគជាអាទិភាពរបស់ប្រជាពលរដ្ឋសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត និងសម្រាប់ប្រើប្រាស់ជាធាតុចូលដល់មន្ទីរ អង្គភាព ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួនបានកាន់តែល្អប្រសើរឡើង។

លោកអភិបាលរងខេត្តបានធ្វើការណែនាំទៅដល់អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ទៅលើសំណើគម្រោងទាំងឡាយដែលស្នើឡើង ធ្វើយ៉ាងណាឱ្យសមស្របទៅតាមលក្ខណៈវិនិច្ឆ័យដែលបានកំណត់ក្នងសៀវភៅណែនាំ។ ជាពិសេសបច្ចេកទេស សំណើគម្រោងវិនិយោគត្រូវរៀបចំ និងស្នើឡើងដោយផ្អែកលើលក្ខណៈវិនិច្ឆ័យរួមមាន៖ ទី១. ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍មានន័យថា គម្រោង ឬសេវាដែលឆ្លើយតបទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុ្ងងក្របខ័ណ្ឌអភិវឌ្ឍន៍របស់ផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។ ទី២. ស្ថិតក្នុងដែនសមត្ថកិច្ចគឺជាគម្រោង ឬសេវាដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់។ ទី៣. ស្ថិតក្នុងអន្តររដ្ឋបាលដែនដីពោលគឺជាគម្រោង ឬសេវាដែលមានលក្ខណៈអន្ដរក្រុង ស្រុក សម្រាប់គម្រោងថ្នាក់ខេត្ត និងមានលក្ខណៈអន្ដរឃុំ សង្កាត់ សម្រាប់ គម្រោងថ្នាក់ក្រុង ស្រុក និងទី៤. កំណត់អតិបរមាលើចំនួនគម្រោង មានន័យថា ត្រូវកំណត់យកគម្រោងតាមចំនួនដែលអាទិភាព ករណីមានការស្នើឡើងច្រើន។

នាឱកាសនោះ លោកអភិបាលរងខេត្តក៏បានធ្វើការផ្ដាំផ្ញើទៅដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ ដើម្បីឱ្យទទួលជោគជ័យក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ត្រូវកំណត់បញ្ហាស្នូលមូលហេតុ និងដំណោះស្រាយឱ្យបានច្បាស់លាស់។ ត្រូវកំណត់គោលនយោបាយ និងតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។ ត្រូវចូលរួមគ្រប់សកម្មភាពក្នុងដំណើការកសាងកម្មវិធីវិនិយោគ ដោយផ្តល់ព័ត៌មានឱ្យបានទាន់ពេលវេលាដែលក្រុមការងារកំណត់ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅស្របតាមប្រតិទិនការងារដែលបានគ្រោងទុក។ ត្រូវចាត់អាទិភាពគម្រោងដើម្បីអនុវត្តស្របតាមតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន។ ក្រុមការងារបូកសរុប និងអ្នកសម្របសម្រួលត្រូវខិតខំឱ្យអស់លទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល បើមានបញ្ហាត្រូវរាយការណ៍ និងសុំយោបល់ប្រធានក្រុមការងារ ដើម្បីដោះស្រាយទាន់ ពេលវេលា ជាពិសេសត្រូវអនុវត្តតាមនីតិវិធីដែលថ្នាក់ជាតិណែនាំដោយមិនត្រូវរំលងសកម្មភាពណាមួយឡើយ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





