ស្នងការនគរបាលខេត្តកំពត៖ ការបំពាក់កាមេរ៉ាសុវត្ថិភាពធ្វើឱ្យបទល្មើសព្រហ្មទណ្ឌថយចុះ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥-- លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវបានជួយបង្កើនសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការត្រួតពិនិត្យស្ថានការណ៍នៅតាមតំបន់នានាក្នុងខេត្តកំពត ជាពិសេសការបំពាក់កាមេរ៉ាសុវត្ថិភាពនេះធ្វើឱ្យបទល្មើសព្រហ្មទណ្ឌថយចុះ ប្រជាពលរដ្ឋកាន់តែខ្លាចរអានឹងទង្វើដែលប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ហើយការបំពាក់កាមេរ៉ាសុវត្ថិភាពនេះពិតជាបានជួយការងារជាច្រើន និងបានបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសនានា ការងារសណ្ដាប់ធ្នាប់ ការងារចរាចរណ៍ និងជាពិសេសបានជួយឱ្យសមត្ថកិច្ចធ្វើការឆ្លើយតបបានទាន់ពេលវេលាផងដែរ។

លោកស្នងការបានឱ្យដឹងថា តាមពិតទៅការបំពាក់កាមេរ៉ាសុវត្ថិភាពនេះត្រូវបានដាក់ឱ្យប្រើប្រាស់យូរមកហើយ ប៉ុន្តែពុំសូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះទេ។ កត្តាដែលជំរុញឱ្យមានការខិតខំប្រឹងប្រែងតម្លើងកាមេរ៉ាសុវត្ថិភាពនេះ ធ្វើឡើងដើម្បីផ្ដោតសំខាន់ទៅលើការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ព្រោះការបំពាក់កាមេរ៉ានេះគឺពិតជាបានជួយសម្រួលការងារជាច្រើនទៅដល់សមត្ថកិច្ចពាក់ព័ន្ធនឹងការទប់ស្កាត់នូវបញ្ហាបទល្មើសផ្សេងៗ និងផ្តល់ភាពងាយស្រួលក្នុងការស្រាវ ជ្រាវកំណត់មុខសញ្ញា។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានបញ្ជាក់ថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះត្រូវបានដំឡើងដំបូងនៅក្រុងកំពតទាំងមូល ដោយសារតែទីនេះជាតំបន់ទេសចរណ៍ និងមានកន្លែងកម្សាន្តច្រើន មានការដំឡើងកាមេរ៉ាសុវត្ថិភាពរហូតទៅដល់១៣គោលដៅសំខាន់ៗ និងនៅតាមគោលដៅមួយចំនួនទៀតដើម្បីទប់ស្កាត់នូវបទល្មើសណាមួយជាយថាហេតុ។
លោកឧត្តមសេនីយ៍ទោអះអាងថា ជាបទពិសោធន៍កាមេរ៉ាដែលយើងបានបំពាក់ទាំងនេះ កន្លងមកបានជួយការងារជាច្រើនទៅលើករណីព្រហ្មទណ្ឌដែលយើងបង្ក្រាបបាន ក្នុងនោះក៏មានការរួមចំណែកពីកាមេរ៉ាសុវត្ថិភាពនេះផងដែរ។ ប្រសិនបើយើងមិនមានកាមេរ៉ាសុវត្ថិភាពទាំងនេះជួយទេ គឺយើងប្រហែលជាមានការពិបាក ពីព្រោះបទល្មើសខ្លះកើតឡើងនៅពេលយប់ដែលជនល្មើសទាំងនោះប្រព្រឹត្តពេលយប់ជ្រៅ អ៊ីចឹងវាក៏ជាបញ្ហាប្រឈមសម្រាប់សមត្ថកិច្ចផងដែរ។ បើទោះបីជាមានសមត្ថកិច្ចប្រចាំការ២៤ម៉ោងលើ២៤ម៉ោងក៏ដោយ ប៉ុន្តែពេលខ្លះសមត្ថកិច្ចយើងក៏អស់កម្លាំងក៏សម្រាកបន្តិចបន្តួច ដែលអាចបង្កើតឱ្យមានការឆកល្វែងក្នុងការទប់ស្កាត់ ប៉ុន្តែនៅពេលដែលយើងមានកាមេរ៉ាសុវត្ថិភាពយើងនឹងធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាតាមរយៈកាមេរ៉ាសុវត្ថិភាពនេះ។
លោកថា នៅក្នុងក្រុងកំពតនេះក្រោយពេលបំពាក់កាមេរ៉ាសុវត្ថិភាពគឺបានទប់ស្កាត់បទល្មើសច្រើនដូចជាករណី លួច ឆក់ និងករណីហិង្សាផ្សេងៗ ក្រៅពីនោះវាក៏បានជួយនូវការងារសណ្ដាប់ធ្នាប់ និងចរាចរណ៍មួយចំនួនទៀត ដែលជួយឱ្យស្នងការដ្ឋាននគរបាលខេត្តកំពត អនុវត្តច្បាប់ បង្ក្រាប ទប់ស្កាត់ និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
បើតាមលោកស្នងការ បច្ចុប្បន្នស្នងការបានបំពាក់កាមេរ៉ា១៣គោលដៅសំខាន់ៗ និងនៅតាមបណ្ដាក្រុង ស្រុក មួយចំនួនក៏បានដំឡើងរួចជាស្រេចនៅតាមគោលដៅសំខាន់ៗដូចគ្នា ជាពិសេសនៅតាមទីប្រជុំជន ផ្សារ និងកន្លែងកម្សាន្តមួយចំនួនដោយបានចំណាយទឹកប្រាក់អស់ប្រមាណជិត២ម៉ឺនដុល្លារអាមេរិក ហើយថានៅពេលខាងមុខនេះស្នងការដ្ឋានមានគម្រោងដំឡើងកាមេរ៉ានៅតំបន់កម្សាន្តមួយចំនួនបន្ថែមទៀតដូចជាតំបន់ទេសចរណ៍ដែលមានសក្ដានុពល។ ទន្ទឹមនោះយើងក៏មានបញ្ហាប្រឈមមួយចំនួនក្នុងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពនេះ ដោយសារអ៊ីនធឺណិតពុំទាន់ទៅដល់គោលដៅដែលយើងបានគ្រោងនឹងដំឡើងនៅឡើយ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





