ឯកឧត្តម ប៊ុន ហ៊ាន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន WAPCOS Limited ប្រទេសឥណ្ឌា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥-- ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ស្ទឹងស្វាហាប់ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បានអនុញ្ញាតឱ្យលោក Sanjay Sharma អគ្គនាយកគ្រប់គ្រងជាន់ខ្ពស់ក្រុមហ៊ុន WAPCOS Limited ប្រទេសឥណ្ឌា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហការនាពេលបច្ចុប្បន្ន និងអនាគត។

សូមជម្រាបថា ក្រុមហ៊ុន WAPCOS Limited ជាអង្គភាពសាធារណៈស្ថិតក្រោមក្រសួងធនធានទឹកនៃប្រទេសឥណ្ឌា ដែលមានបទពិសោធន៍ផ្តល់សេវាកម្មផ្នែកធនធានទឹក ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ នៅជាង៧៥ប្រទេស រួមមានកម្ពុជាផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចពិភាក្សាបានផ្តោតលើការងារគម្រោងអភិវឌ្ឍន៍វិស័យធនធានទឹកនាពេលកន្លងមក និងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ស្ទឹងស្វាហាប់បច្ចុប្បន្ន ព្រមទាំងកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន និងអនាគត។

ក្នុងជំនួបនោះ លោក Sanjay Sharma ក៏បានជម្រាបជូនយ៉ាងលម្អិតអំពីសេវាកម្មនានារបស់ក្រុមហ៊ុន WAPCOS និងឱកាសចូលរួមប្រកួតប្រជែងគម្រោងពហុភាគី ជាពិសេសការផ្គត់ផ្គង់ទឹកស្អាតជនបទ និងបណ្តាញអគ្គិសនី៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





