មន្ដ្រីជាន់ខ្ពស់កម្ពុជាអំពាវនាវស្វែងរកការគាំទ្រពីអង្គទូត អង្គការជាតិ-អន្តរជាតិ និងស្ថាប័អង្គការសហប្រជាជាតិនៅទីក្រុងបាងកក
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥-- មន្ដ្រីជាន់ខ្ពស់កម្ពុជាអំពាវនាវស្វែងរកការគាំទ្រពីអង្គទូត អង្គការជាតិ-អន្តរជាតិ និងស្ថាប័អង្គការសហប្រជាជាតិប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ ដើម្បីបន្ដគម្រោងសកម្មភាពបោសសម្អាតមីន និងបន្ដការរៀបចំគោលនយោបាយជាតិសកម្មភាពមីនឆ្នាំ២០២៦-២០៣៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ក្នុងពិធីផ្សព្វផ្សាយពីសមិទ្ធផលសកម្មភាពមីនកម្ពុជា ការដោះស្រាបយបញ្ហាប្រឈមដែលនៅសេសសល់ ជាតិផ្ទុះពីសង្គ្រាមនានាទូទាំងពិភពលោក និងការរៀបចំគោលនយោបាយជាតិសកម្មភាពមីនឆ្នាំ២០២៦-២០៣៥ ជូនដល់អង្គទូត អង្គការជាតិ-អន្តរជាតិ និងស្ថាប័អង្គការសហប្រជាជាតិ។

ឯកឧត្តមបណ្ឌិត លី ធុជ បានបន្ដថា ចាប់តាំងពីឆ្នាំ១៩៩២ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានការគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា កម្ពុជាបានរំដោះផ្ទៃដីសរុបប្រមាណជាង៣០០០គីឡូម៉ែតក្រឡា ដោយផ្ទៃដីដែលបានបោសសម្អាតរួច បានប្រគល់ជូនសហគមន៍សម្រាប់ការរស់នៅ និងអភិវឌ្ឍ ដែលបានចូលរួមយ៉ាងសំខាន់ដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ឯកឧត្ដមបានអរគុណដល់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្តេជ្ញា និងដើរតួយ៉ាងសំខាន់ជាមគ្គទេសក៍ដឹកនាំកម្ពុជាសម្រេចបានសន្តិភាព ស្ថិរភាព និងការអភិឌ្ឍលើគ្រប់វិស័យ និងបានប្រែក្លាយដីមានមីន ទៅជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍនានា។ បើមិនមានការចង្អុលបង្ហាញ និងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចទាំងពីរនោះទេ សមិទ្ធផលដ៏ធំធេងទាំងនេះនឹងមិនអាចកើតមាននោះទេ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានអរគុណដល់ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងបេសសកកម្មមនុស្សធម៌របស់កម្ពុជា និងបានអំពាវនាវប្រទសជាមិត្តទាំងអស់ នៅបន្តគាំទ្រដល់កិច្ចប្រឹងប្រែងរបស់កម្ពុជា ក្នុងការផ្តល់ជាថ្មីនូវសុខសុវត្ថិភាព ស្នាមញញឹម និងសេចក្តីថ្លៃថ្នូរដល់សហគមន៍ដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ កម្ពុជាប្រែក្លាយពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្តុះពីសង្គ្រាម ទៅជាប្រទេសឈានមុខមួយក្នុងសកម្មភាពមីនសកល និងបានដើរតួសំខាន់ក្នុងការចែករំលែកចំណេះដឹង និងជំនាញទៅកាន់ប្រទេសរងគ្រោះផ្សេងទៀត ហើយជាពិសេស ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានជោគជ័យធំធេង ក្នុងនាមជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥នៃអនុសញ្ញាអូតាវ៉ា ឬកិច្ចប្រជុំកំពូលសៀមរាប-អង្ករ ស្តីពីពិភពលោកមួយដែលគ្មានមីន។

ឯកឧត្តមបានលើកឡើងថា ទោះបីជាសម្រេចបានសមិទ្ធផលដ៏ធំធេងដូចនេះក្តី កម្ពុជានឹងត្រូវបន្តបង្កើនកិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហាដែលនៅសេសសល់ ជាពិសេសតំបន់ចម្ការមីនដែលមានភាពស្មុគស្មាញខ្លាំង ដើម្បីធានាថា ប្រជាជនកម្ពុជាគ្រប់រូប និងគ្រប់ទីកន្លែង មិនរស់នៅក្នុងភាពភ័យក្លាច ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

សូមបញ្ជាក់ថា ភាពជោគជ័យរបស់កម្ពុជាគឺជាភាពជោគជ័យដល់មនុស្សជាតិទាំងមូល ការអំពាវនាវរបស់ មន្ដ្រីជាន់ខ្ពស់ទទួលខុសត្រូវមីននៅកម្ពុជាប្រមាណជាង១៧លើករួចមកហើយដល់បណ្តាប្រទេសជាមិត្តទាំងអស់ និងស្ថាប័នអន្តរជាតិនានាឱ្យចូលរួមជាមួយកម្ពុជា លុបបំបាត់ទុក្ខវេទនាបង្កដោយគ្រាប់មីន នៅទូទាំងពិភពលោក៕
ដោយ សួស សំរិត





