កម្ពុជាប្តេជ្ញាចិត្តចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុសកល
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥--នៅទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការ ក្រសួងបរិស្ថាន បានដឹកនាំគណៈប្រតិភូដែលមានឯកឧត្តម ស៊ុំ ធី អគ្គនាយក លោកឃិន ម៉េងឃាង ប្រធាននាយកដ្ឋាន លោកឡុង សូណា អនុប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុ បានចូលរួមនៅសន្និសីទសកលលើកទី៦ ស្តីពីការធ្វើសមាហន្តកម្មការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយដែលមានសមាជិក សមាជិកាចូលរួមពីតំណាងប្រទេសជាសមាជិកនៃក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC)និងដៃគូរអភិវឌ្ឍន៍ ប្រមាណ ៤០០នាក់។

នៅក្នុងវគ្គថ្លៃងសន្ទរកថាកម្រិតខ្ពស់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានថ្លែងថា ប្រទេសកម្ពុជាបានបញ្ជាក់ថា កម្ពុជាបាន និងកំពុងចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិ ដើម្បីអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ តាមរយៈការរៀបចំស្ថាប័ន និងកសាងផែនការយុទ្ធសាស្ត្រ គោលនយោបាយ និងការបង្កើមសមត្ថភាពក្នុងការឆ្លើយតបការប្រែប្រួលអាកាសធាតុ ជាក់ស្តែងកាលពីថ្ងៃទី២២ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តប្រកាសដាក់ឱ្យប្រើប្រាស់នូវផែនការយុទ្ធសាស្ត្រឆ្លើយតបការប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី២ ២០២៤-២០៣៣ យុទ្ធសាស្ត្ររយៈពេលវែងអព្យាក្រឹតកាបូន និងបញ្ចប់ការរៀបចំផែនការជាតិរួមចំណែកការឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC3.0 នៅខែកក្កដា ឆ្នាំ២០២៥នេះ។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបរិស្ថាន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួមជាស្រេចជាមួយសហគមន៍អន្តរជាតិក្នុងការកាត់បន្ថយការបញ្ជេញឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសមត្ថភាពបន្ស៊ាំនឹងផលប៉ះពាល់ការប្រែប្រួលអាកាសធាតុសកលលោក និងនាំប្រទេសកម្ពុជាទៅកាន់អព្យាក្រិតកាបូនឆ្នាំ២០៥០។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការកៀគរធនធាន ការបង្កើនសមត្ថភាព កាផ្ទេរបច្ចេកវិទ្យា គឺជាធាតុមួយសំខាន់សម្រាប់ជំរុញសកម្មភាពអាកាសអាធាតុនៅកម្ពុជា៕

ដោយ៖ ប៊ុនរិទ្ធ,ប្រភព៖ក្រសួងបរិស្ថាន





