ក្រសួងការងារ នចែករំលែកបទពិសោធនៃការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ជូនដល់គណៈប្រតិភូកម្មវិធីការងារកាន់តែប្រសើរនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន (BWU)
AKP ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥--
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្ដីទីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូកម្មវិធីការងារកាន់តែប្រសើរនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ដែលដឹកនាំដោយលោក Abu Yousuf នាយកកម្មវិធីការងារកាន់តែប្រសើរនៃសាធារណរដ្ឋអ៊ូសបេគីស្ថាន (BWU) និងគណៈកម្មការប្រឹក្សាគម្រោង BWU ដែលមានការចូលរួមពីតំណាងក្រសួងមុខរបរនិងការកាត់បន្ថយភាពក្រីក្រ សហភាពសហព័ន្ធនិយោជកអ៊ូសបេគីស្ថាន និងសហព័ន្ធសហជីពអ៊ូសបេគីស្ថាន នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ជំនួបនេះត្រូវបានសម្របសម្រួលរៀបចំដោយកម្មវិធីការងារកាន់តែប្រសើរសកល (Better Work) នៃអង្គការអន្តរជាតិខាងការងារ និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) ដើម្បីចែករំលែកបទពិសោធរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តគម្រោង ILO-BFC ដែលជាគំរូសម្រាប់បណ្តាប្រទេសនានាដែលកំពុងអនុវត្តកម្មវិធីការងារកាន់តែប្រសើរនេះ។


នៅក្នុងជំនួបនេះ លោកជំទាវរដ្ឋមន្រ្តីស្ដីទីបានបង្ហាញជូនគណៈប្រតិភូអ៊ូសបេគីស្ថានអំពីសារបាន និងវឌ្ឍនភាពការងារសំខាន់ៗនៃការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានេះ។ លោកជំទាវបានចែករំលែកនូវកត្តាគន្លឹះនៃភាពជោគជ័យរបស់គម្រោង ដែលផ្អែកយ៉ាងខ្លាំងលើការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល និងការចូលរួមយ៉ាងសកម្មពីដៃគូសង្គម ដែលមានសមាគមនិយោជក និងសហជីព ព្រមទាំងការគាំទ្ររបស់ដៃគូនានា រួមទាំងអង្គការអន្តរជាតិខាងការងារ (ILO)។


ជាមួយគ្នានេះ គណៈប្រតិភូអ៊ូសបេគីស្ថានក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចែករំលែកនូវបទពិសោធល្អៗ ក្នុងការធានានូវប្រសិទ្ធភាពនៃការអនុវត្តគម្រោង ILO-BFC សម្រាប់ជាមេរៀនដល់រដ្ឋាភិបាលអ៊ូសបេគីស្ថានផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ,ប្រភព៖ក្រសួងការងារ





