រដ្ឋបាលស្រុកស្ទោងរៀបចំប្រព័ន្ធលូរំដោះទឹកប្រវែង៣៥០ម៉ែត្រនៅភូមិត្នោត
AKP កំពង់ធំ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញដឹកនាំគ្រឿងចក្រកាយដាក់លូប្រអប់រំដោះទឹកប្រវែង៣៥០ម៉ែត្រនៅភូមិត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥។

លោក សាយ គឹមឡម បានមានប្រសាសន៍ថា ការកាយដាក់លូនៅក្នុងឱកាសនេះគឺដើម្បីបញ្ចៀស និងរំដោះទឹកដែលតែងតែកកស្ទះ និងដក់នៅលើផ្លូវជាតិលេខ៦ ដែលជាការរំខានដល់ការធ្វើដំណើរក៏ដូចជាបង្កឱ្យមានការឆាប់ខូចខាតថ្នល់ជាតិនាំឱ្យមានការកកស្ទះបំពុលបរិស្ថាននិងនាំឱ្យបាត់បង់សោភ័ណភាពទីរួមស្រុកផង។ ទន្ទឹមនឹងនេះលោកអភិបាលស្រុកបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបានចូលរួមសហការក្នុងការថែរក្សាក៏ដូចជាធ្វើឱ្យប្រព័ន្ធរំដោះទឹកនេះបានប្រព្រឹត្តទៅដោយរលូនប្រកបដោយសោភ័ណភាពជាពិសេសអាចបញ្ជៀសការកកស្ទះនិងរំដោះទឹកជំនន់មួយផ្នែកធំផងដែរ។

លោកអភិបាលស្រុកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមជួយថែរក្សាសោភ័ណភាព បរិស្ថាន នៅអមសងខាងផ្លូវជាតិលេខ៦ជាពិសេសគឺការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងតាមការប្រមូលរបស់សេវាអនាម័យដើម្បីបញ្ចៀសនូវការកកស្ទះប្រព័ន្ធរំដោះទឹក។ ប្រព័ន្ធលូរំដោះទឹកនេះមានប្រវែង៣៥០ម៉ែត្រ ទទឹង០,៦ម៉ែត្រ កម្ពស់១,២ម៉ែត្រ៕


ដោយ ស៊ុម វណ្ណា





