ឯកឧត្តម អ៊ុន ចាន់ដា៖ កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ
AKP កំពង់ចាម ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះសម្រាប់ធ្វើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ប្រទេសមួយអាចមានការអភិវឌ្ឍរីកចម្រើនទៅបាន ទាល់តែប្រទេសនោះមានសន្តិភាព សុវត្ថិភាព សន្តិសុខល្អ ហើយបើគ្មានសន្តិភាព គ្មានស្ថិរភាព កុំនិយាយអំពីការអភិវឌ្ឍ អំពីលទ្ធិប្រជាធិបតេយ្យ អំពីសិទ្ធិមនុស្សឡើយ គឺការរស់នៅរបស់ប្រជាពលរដ្ឋយើងក្នុងភាពភ័យខ្លាចមានពេលវេលាណាអភិវឌ្ឍឡើយ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងដូចនេះក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) នាព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៥ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស។

ឯកឧត្តមបានបញ្ជាក់ថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមពីសំណាក់របស់បងប្អូនប្រជាពលរដ្ឋក្នុង ការចូលរួមថែរក្សាសុខសន្តិភាព ចូលរួមការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” បានធ្វើឱ្យ បានធ្វើឱ្យបរិយាកាស សន្តិសុខ នៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ កាន់តែមានភាពកក់ក្តៅ និយាយជារួម ខេត្តកំពង់ចាម ប្រជាពលរដ្ឋជាទូទៅរស់នៅប្រកបដោយភាពសុខដុមរមនា។

ឯកឧត្តម អ៊ុនចាន់ដា បានបន្ថែមថាកត្តាសុខសន្តិភាព កត្តាអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធនានាវាប្រទាក់ក្រឡា និងកត្តាកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋរបស់យើង។កាលណា ជីវភាពរបស់ប្រជាពលរដ្ឋមានភាពប្រសើរ ពិតជាបានរួមចំណែកយ៉ាងសំខាន់បង្កើននៅសេដ្ឋកិច្ចខេត្តបានមួយកម្រិតផងដែរ។ ជាក់ស្តែងនៅឆ្នាំ២០២៤ ខេត្តកំពង់ចាមមានទំហំសេដ្ឋកិច្ចមានកំណើន ៨,៦% ស្មើនឹង ២.៦៥៧លានដុល្លារ ដែល GDP សម្រាប់មនុស្សម្នាក់ៗ ចំនួន ២.៣១១ដុល្លារ ក្នុងមួយឆ្នាំ។ ជាការរំពឹងទុកនៅឆ្នាំ ២០២៥ ខេត្តកំពង់ចាមនឹងទទួលបាននូវទំហំសេដ្ឋកិច្ច២.៣១១ដុល្លារ ក្នុងមួយឆ្នាំ។ តាមការរំពឹងទុកនៅឆ្នាំ២០២៥ ខេត្តកំពង់ចាមនឹងមានទំហំសេដ្ឋកិច្ចនឹងកើនដល់ ២.៨៦៧លានដុល្លារ និងGDP មនុស្សម្នាក់ៗនឹងកើនដល់២.៤៧៨ដុល្លារ៕


ដោយ ឆាយ ម៉ុត





