សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR)
AKP កំពង់ចាម ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ -- គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការអនុវត្តកតិកាសញ្ញាអន្តជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ក្រោមអធិបតីភាពរបស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុនចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ប្រតិភូគណៈកម្មការសិទ្ធិមនុស្សកម្ពុជា កងកម្លាំងទាំងបី ថ្នាក់ដឹកនាំ មន្រ្តាំរាជការ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងយុវជន។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស បានលើកឡើងថាអង្គសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង៖ ១. បង្ហាញពិកិច្ចខំប្រឹងប្រែង និងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។ ២. បង្ហាញពីការអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិរបស់រាជរដ្ឋាភិបាល ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ៣. បញ្ជ្រាបការយល់ដឹងបន្ថែមដល់អង្គភាពថ្នាក់ក្រោមជាតិឱ្យយល់កាន់តែច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល លើវិស័យសិទ្ធិមនុស្ស និង៤. ជំរុញការចូលរួមរបស់អង្គភាពថ្នាក់ក្រោមជាតិ ក្នុងការ អនុវត្តសេចក្តីសង្កេតសន្និដ្ឋាន (អនុសាសន៍) នៃរបាយការណ៍ជាតិស្តីពីកតិកាសញ្ញា អន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីកម្ពុជាទើបទទួលបានសន្តិភាព និងឯកភាពជាតិពេញលេញឡើងវិញនៅឆ្នាំ១៩៩៨ ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតលើកទី១ នៅឆ្នាំ១៩៩៣ យើងបានបន្តប្រកាន់ខ្ជាប់នូវគោលការណ៍លិទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាង ទៀងទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលជាការផ្តល់ឱកាស ពេញលេញឱ្យប្រជាពលរដ្ឋប្រើប្រាស់សិទ្ធិនយោបាយរបស់ខ្លួន ក្នុងការជ្រើសរើសថ្នាក់ ដឹកនាំប្រទេស។ ជាក់ស្តែង ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ដោយមានគណបក្សនយោបាយចំនួន ១៨ បានចូលរួមប្រកួតប្រជែង និងបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ ស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានភាពមិនប្រក្រតីណាមួយបានកើតឡើងនោះឡើយនៅក្រោមក្រសែភ្នែករបស់អ្នកសង្កេតការណ៍ជាតិជិត៩ម៉ឺននាក់ និងអ្នកសង្កេតការណ៍អន្តរជាតិមកពី៦៥ប្រទេស និងស្ថាប័នអន្តរជាតិ។

ឯកឧត្តម កែវ រ៉េមីបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានលើកកម្ពស់ និងការការពារសិទ្ធិមនុស្សក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី នារយៈពេលកន្លងមក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកកម្ពស់ និងការការពារសិទ្ធិមនុស្សពាក់ព័ន្ធនឹងសិទ្ធិពលរដ្ឋ និងនយោបាយ មានក្ខណៈទូលំទូលាយ និងបើកចំហ។ កម្ពុជានៅតែបន្តប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូសន្ទនាបែបស្ថាបនា ជាមួយរាល់យន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត៕


ដោយ ឆាយ ម៉ុត





